ដោយ ៖ រ៉ាណេត
កែប ៖ គិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ លទ្ធផលនៃការរុករកជនរងគ្រោះដោយការបាក់រលំសំណង់អគារកម្ពស់៧ជាន់នៅក្រុងកែបត្រូវបានរកឃើញមានអ្នករងរបួសចំនួន២៥នាក់ និងស្លាប់ចំនួន៧នាក់ ក្រោមការចុះបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ករណីនៃការបាក់រលំសំណង់អគារកម្ពស់៧ជាន់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤៖៤០នាទី ខណៈពេលដែលចាក់បេតុងប្លង់សេជាន់លើបង្អស់ ស្មើនឹងប្រមាណ៩០ភាគរយនៃគម្រោងសាងសង់សរុប។ បន្ទាប់ពីកើតមានព្រឹត្តិការណ៍សោកនាដកម្មខាងលើនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច័យទៅលើគម្រោងសំណង់ដែលបានបាក់រលំរបស់បុគ្គលឈ្មោះ ឯក សារុន មានអាស័យដ្ឋាននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
តាមការឱ្យដឹងពីមន្ត្រីមន្ទីរដែនដី ខេត្តកែប បានឱ្យដឹងថា សំណង់នេះត្រូវបានមន្ត្រីជំនាញចុះពិនិត្យ និងសន្និដ្ឋានថា ជាសំណង់ខុសពីលិខិតអនុញ្ញាតកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ៕











