ឆ្នាំ២០២០ វិស័យលំនៅដ្ឋានកាន់តែមានភាពល្អប្រសើរ

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​វិស័យ​លំនៅ​ដ្ឋាន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​កំពុងតែ​មាន​ភាព​រីកចម្រើន​ ​និង​សន្ទុះ​នៃ​ការ​អ​ភិ​វឌ្ឍន័​យ៉ាង​ឆាប់រហ័ស​ ​ជាពិសេស​នៅ​តាម​បណ្តា​តំបន់​ជាយក្រុង​ ​និង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​។​ ​ដោយឡែក​នៅ​ឆ្នាំ២០២០នេះ​ ​អ្នកជំនាញ​នៅក្នុង​វិស័យ​នេះ​ ​នៅតែ​មាន​សុទិដ្ឋិនិយម​ដដែល​ ​ជាមួយនឹង​ក្ដី​រំពឹង​ថា​ ​នឹង​បន្ត​ភាពល្អ​ប្រសើរ​។​ ​

​នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ​វិស័យ​លំនៅឋាន​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​ ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ជាពិសេស​ប្រភេទ​លំនៅឋាន​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ ​ដែល​មាន​តម្រូវ​ទីផ្សារ​យ៉ាង​លើសលប់​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​ ​PREMIUM​ ​Group​ ​ដែល​កំពុង​វិនិយោគ​ ​និង​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋាន​បែប​បុរី​ ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ​ខែមករា​ ​ឆ្នាំ២០២០ថា​ ​តាម​ការ​មើលឃើញ​របស់​លោក​ ​វិស័យ​លំនៅឋាន​នៅតែ​បន្ត​ភាព​ភាពល្អ​ប្រសើរ​ ​មិនថា​នៅក្នុង​ឆ្នាំ២០២០​ ​ឬ​ឆ្នាំ​បន្ទាប់​ទៀត​នោះ​ទេ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​មិនថា​នៅក្នុង​ឆ្នាំនេះ​ ​ឬ​ឆ្នាំក្រោយ​ ​ក៏ដូចជា​ឆ្នាំ​បន្តបន្ទាប់​ទៀត​នោះ​ទេ​ ​វិស័យ​លំនៅឋាន​ ​នៅតែ​មាន​តម្រូវការ​ជានិច្ច​ ​គ្រាន់តែ​តិច​ ​ឬ​ច្រើនតែ​ប៉ុណ្ណោះ​ ​ដែល​អាស្រ័យ​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ ​និង​ចំណូល​របស់​ប្រជា​ពល​ជន​”​។​ ​

​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​នៅក្នុង​ឆ្នាំ២០២០​ ​មិន​ត្រឹមតែ​សកម្មភាព​សាងសង់​មានការ​កើនឡើង​នោះ​ទេ​ ​ចំពោះ​តម្រូវការ​ ​និង​ការទិញ​-​លក់​ ​ក៏​មាន​ភាពល្អ​ប្រសើរ​ ​ដោយសារតែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ផ្តល់​ជម្រើស​ដល់​អតិថិជន​ក្នុង​ការទិញ​កាន់តែ​ងាយស្រួល​ជាមួយ​វិធីសាស្ត្រ​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន​ ​ឬ​ជាមួយ​ធនាគារ​ជា​ដៃគូ​”​។​ ​លោក​ថា​ ​“​ពីមុន​ស្ទើរតែ​គម្រោង​ទាំងអស់​គឺ​សុទ្ធតែ​តម្រូវ​ឱ្យ​អតិថិជន​បង់​មុន៣០ភាគរយ​ ​ឬ​ទាប​ជាង​នេះ​បន្តិច​ ​ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារតែ​ការប្រកួត​ប្រជែង​ ​និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ស្ទើរតែ​ទាំងអស់​មិន​មាន​តម្រូវ​ឱ្យ​អតិថិជន​កក់​ប្រាក់​ ​ឬ​បង់​មុន៣០ភាគរយ​ទៀត​នោះ​ទេ​ ​ឬ​មាន​ក្រុមហ៊ុន​ខ្លះ​មិន​តម្រូវ​បង់​មុន​តែម្ដង​ក៏មានដែរ​។​ ​ដូច្នេះ​ ​សកម្មភាព​ទិញ​-​លក់​ ​នឹង​មាន​ភាពល្អ​ប្រសើរ​ជាមុន​”​។​ ​

​ស្រដៀងគ្នា​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ​លោក​បណ្ឌិត​ ​តាន់​ ​មុនី​វណ្ណ​ ​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​“​ឆ្នាំ២០២០នេះ​ ​បើ​និយាយ​ពី​វិស័យ​សំណង់​រួម​ ​គឺ​ហាក់ដូចជា​ពិបាក​ក្នុង​ការព្យាករណ៍​បន្តិច​ថា​តើមាន​ភាពល្អ​ប្រសើរ​ ​ឬ​ថមថយ​នោះ​ទេ​ ​ប៉ុន្តែ​បើ​ចំពោះ​វិស័យ​លំនៅ​ដ្ឋាន​ក្នុង​ស្រុក​គឺ​នៅតែ​មាន​តម្រូវការ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​”​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​ជា​ធម្មតា​លំនៅឋាន​ ​គឺជា​តម្រូវការ​ចាំ​របស់​មនុស្ស​គ្រប់រូប​ ​ដូចនេះ​ ​មិនថា​ឆ្នាំនេះ​ ​ឬ​ឆ្នាំ​ណា​នោះ​ទេ​ ​ទីផ្សារ​គឺ​នៅតែ​ល្អ​ ​ប៉ុន្តែ​ក្នុង​ន័យ​នេះ​ ​អ្នក​អភិវឌ្ឍន៍​ក៏​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ​ជៀសវាង​ការ​សម្រុក​វិនិយោគ​ ​និង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​ខុសពី​តម្រូវការ​ទីផ្សារ​”​។​ ​

​គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​ដែល​កំពុងតែ​បង្ហាញ​វត្តមាន​ ​និង​សកម្មភាព​សាងសង់​បំពេញ​តម្រូវការ​ទីផ្សារ​ជាក់ស្ដែង​ឃើញ​មាននៅ​តំបន់​ជុំវិញ​ ​តំបន់​ជាយក្រុង​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៦​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវ​លេខ៥១​ ​រួម​ជាមួយនឹង​តំបន់​ក្បែរ​ភ្នំ​បាសិត​ ​ហើយ​ភាគច្រើន​លំនៅឋាន​ដែល​មាន​តម្រូវការ​ខ្ពស់​មានតម្លៃ​ចាប់ពី៤​-​៧ម៉ឺន​ដុល្លារ​ ​(​លំនៅឋាន​កម្រិតមធ្យម​)​ ​ហើយ​ក្រៅពី​នេះ​ប្រភេទ​លំនៅឋាន​អាជីវកម្ម​ ​(​ShopHouse​)​ ​ដែល​មានតម្លៃ​ត្រឹម​ជាង១០ម៉ឺន​ដុល្លារ​ ​ក៏​មាន​តម្រូវការ​ផង​ដែរ​។​ ​

​នៅក្នុង​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​លំហូរ​ទុន​វិនិយោគ​នៅក្នុង​វិស័យ​លំនៅឋាន​មាន​ទឹកប្រាក់​រហូតដល់​ជាង៣៦៦១លាន​ដុល្លារ​អាមេរិក​ ​និង​មានផ្ទៃ​ក្រឡា​សំណង់​រហូតដល់​ជាង៨លាន​ម៉ែត្រការ៉េ​។​
​យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​បាន​ឲ្យដឹង​ក្នុង​សន្និបាត​ក្រសួង​ ​កាលពីដើម​សប្តាហ៍​នេះ​បាន​ឲ្យដឹង​ថា​ ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ២០១៩​ ​មាន​ចំនួន៣,៧៣២​ ​គម្រោង​មានផ្ទៃ​ក្រឡា​ ​កម្រាល​សំណង់​ចំនួន៨,០២៤,២៨៦ម៉ែត្រការ៉េ​ ​មាន​ទុន​វិនិយោគ៣,៦៦១,២៧៥,៣៥០ដុល្លារ​ ​ស្មើនឹង៣៨,៤៨៨ខ្នង​។​

​ចំណែក​ឯកជន​/​ល្វែង​បុរី​លំនៅឋាន​ ​និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​ ​នៅ​ទូទាំង​ប្រទេស​ ​ចំនួន៤០គម្រោង​ ​ស្មើនឹង១៦,៥៨៩ខ្នង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប២,៤៩៦,៣៥៨ម៉ែត្រការ៉េ​ ​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ​ប្រមាណ៨២១,៣០៦,៦៧៦ដុល្លារ​។​ ​របាយការណ៍​បាន​បន្ត​ថា​ ​ចំណែក​អគារ​ផ្ទះល្វែង​ ​និង​ភូមិគ្រឹះ​ ​នៅ​ទូទាំង​ប្រទេស​មាន២០,៧៨១​ ​ល្វែង​/​ខ្នង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់៣,៤៩៩,២០៤ម៉ែត្រការ៉េ​ ​ដែល​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ ​ប្រមាណ​ជាង១,២៦៩លាន​ដុល្លារ​។​ ​អគារ​ស្នាក់នៅ​រួមមាន១៥២គម្រោង​ ​ស្មើនឹង១៧,៧០៧យូនី​ត​។​ ​ចំណែក​ឯកជន​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ ​៣,២០៣,០០១ម៉ែត្រការ៉េ​ ​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ១,៩០៧,២៦៩,៥៧៨ដុល្លារ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here