អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមលើកំនើនតម្លៃដីធ្លីនៅក្នុងក្រុងនិងជាយក្រុងភ្នំពេញ

0

ដោយៈ​ ​រ៉ា​ណេត​ ​
​ភ្នំ​ពេញៈ​ ​ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​សម្រាប់​ឆ្នាំ២០២០នេះ​ ​តម្លៃ​ដីធ្លី​ទាំង​នៅក្នុង​ក្រុង​ ​និង​តំបន់​ក្រ​វ៉ាត់​ក្រុង​ ​នៅតែ​មានការ​កើនឡើង​មិន​ខុសពី​ឆ្នាំ​ចាស់២០១៩ប៉ុន្មាន​នោះ​ទេ​ ​ដែល​អ​ត្រា​កំនើ​ននេះ​នឹង​កើន​ចន្លោះ​ពី១៥​-​៣០ភាគរយ​ ​ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​ ​និង​ស្ថានភាព​ដី​ដែល​មាន​តម្រូវការ​។​ ​

​អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ដែល​កំពុងតែ​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​នៅក្នុង​វិស័យ​មួយ​នេះ​ ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ​ចំពោះ​វិស័យ​ដីធ្លី​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ ​ដែល​ក្នុង​នោះ​រាប់ទាំង​តំបន់​កណ្តាល​ក្រុង​ ​តំបន់​ជាយក្រុង​ផង​ដែរ​។​ ​
​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៥​ ​ខែមករា​ ​ឆ្នាំ២០២០កន្លងមក​ថា​ ​តម្លៃ​ដីធ្លី​នៅក្នុង​ឆ្នាំ២០២០នេះ​ ​គឺ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​និង​មាន​តម្រូវការ​ប្រើប្រាស់​ខ្ពស់​ ​ជាពិសេស​នៅ​តាម​តំបន់​ជាយក្រុង​ដែល​មាន​ចម្ងាយ២០​-​៣០​ ​គីឡូម៉ែត្រ​ ​ស្ថិតនៅ​តាមផ្លូវ​ជាតិ​សំ​ខាន់​ៗ​ ​ដូចជា​ ​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ដែល​មាន​អំណោយផល​ទៅដល់​វិស័យ​ឧស្សាហកម្ម​ ​រោងចក្រ​ ​និង​ឃ្លាំង​។​ ​
​លោកស្រី​បន្ត​ទៀត​ថា​ ​“​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗ​ ​ខាងលើ​នេះ​មាន​ភាព​ខុសគ្នា​ ​ដូចជា​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣​ ​និង​លេខ៤​ ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ជាង២០គីឡូម៉ែត្រ​ ​គឺ​មានតម្លៃ​ចាប់ពី១៣០​-​២៥០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ប្រភេទ​ដី​ទំហំ​ធំ​ ​និង​ស្ថិតនៅ​ជាប់​ផ្លូវ​)​ ​ដែល​តម្លៃ​របស់​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​”​។​ ​

​សម្រាប់​ដី​ស្ថិតនៅ​ក្បែរ​ទីប្រជុំ​ ​ឬ​មាន​ប្រជាជន​រស់នៅ​ស្រាប់​អាច​មានតម្លៃ​ចាប់ពី​ ​៣០០​-​៥០០​ ​ដុល្លារ​ ​ឬ​អាច​ថ្លៃជាង​នេះ​ ​អាស្រ័យ​លើ​ទីតាំង​ ​និង​ស្ថានភាព​ដី​ផង​ដែរ​។​ ​
​លោកស្រី​តាំង​ ​ហួរ​បាន​បន្ត​ទៀត​ថា​ ​“​សម្រាប់​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ជាតិ​លេខ១​ ​ចម្ងាយ​ប្រមាណ​ជាង២០គីឡូម៉ែត្រ​ក្រុង​ ​អាច​មានតម្លៃ​ខ្ពស់​ជាង​តំបន់​ផ្លូវជាតិ​លេខ៣​ ​និង​លេខ៤​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ភាគច្រើន​ស័ក្ដិសម​ ​ទៅ​នឹង​ដី​លំនៅ​ដ្ឋាន​ច្រើនជាង​ឧស្សាហកម្ម​ ​ដែល​មានតម្លៃ​ក្នុងរង្វង់៣០០​-​៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​នៅ​ទីតាំង​ខ្លះ​មានតម្លៃ​ថ្លៃជាង​នេះ​ក៏​មាន​ ​ដែល​វា​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​ ​និង​តម្រូវការ​ប្រើប្រាស់​។​ ​
​ដោយឡែក​សម្រាប់​ដី​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ជាតិ​លេខ៦A​ ​ហាក់​មិនសូវ​មាន​ដី​ទំនេរ​ទូលំទូលាយ​នោះ​ទេ​ ​ហើយ​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​ជា​ប្រភេទ​បុរី​ ​និង​បណ្តុំ​លំនៅ​ដ្ឋាន​ដែល​មាន​លក្ខណៈ​ជា​បុស​រី​ ​ដែល​ជំរុញ​ឱ្យ​ដី​តំបន់​នេះ​មានតម្លៃ​កាន់តែ​ខ្ពស់​។​ ​គិត​ត្រឹម​តំបន់​កៀន​ឃ្លាំង​ ​បាក់ខែង​ ​មានតម្លៃ​ក្នុង​ចន្លោះ​ពី​ ​៤០០​-​៦០០ដុល្លារ​ ​(​ប្រភេទ​ដែល​ស្ថិតនៅ​ជាប់​ទន្លេ​)​ ​ប៉ុន្តែ​បើ​ដី​ដែល​ខិតមក​ជិត​ស្ពាន​ជ្រោយ​ចង្វា​រ​ ​កាន់តែ​មានតម្លៃ​ខ្ពស់​ ​ក្នុង​ចន្លោះ​ចាប់ពី១​ ​៨០០​-​ ​២០០០​ ​ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ទៅតាម​ប្រភេទ​ដី​ធំ​ ​ឬ​ដី​តូច​ ​និង​ស្ថានភាព​ដី​ផង​ដែរ​។​ ​នេះ​បើ​តាម​លោកស្រី​តាំង​ ​ហួរ​បញ្ជាក់ឲ្យដឹង​។​
​ងាក​មក​ចាប់អារម្មណ៍​ជាមួយ​តម្លៃ​ដី​ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​វិញ​ ​តំបន់​ដែល​មានតម្លៃ​ខ្ពស់​ជាងគេ​ ​គឺ​នៅតែ​ស្ថិត​ក្នុងទឹក​ដី​នៃ​ខណ្ឌ​បឹងកេងកង​ដដែល​។​ ​

​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ​មិនថា​ទោះ​ស្ថិតនៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​បែប​ណា​នោះ​ទេ​ ​តម្លៃ​ដី​កណ្តាល​រាជធានី​ភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិសេស​ប្រចាំ​ប្រទេស​ ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​និង​មាន​តម្រូវការ​ប្រើប្រាស់​ជានិច្ច​។​
​ ​លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ​“​ ​ជាទូទៅ​តម្លៃ​ដី​ក្នុង​រាជធានី​ភ្នំពេញ​ ​តែងតែមាន​ការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុងរង្វង់១៥​-​ ​២០ភាគរយ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​បច្ចុប្បន្ន​នេះ​ ​ដី​នៅក្នុង​ខណ្ឌ​បឹងកេងកង​ ​តំបន់​ផ្លូវ​ខាងក្នុង​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ​៥​ ​៥០០​-​៦៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​ ​
​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ខាងក្រៅ​ ​ដូចជា​ផ្លូវ​សម្ដេចព្រះ​នរោត្តម​ ​ផ្លូវ​ព្រះសីហនុ​ ​ផ្លូវ​មុនីវង្ស​ ​មានតម្លៃ​ចាប់ពី៨,០០០ដុល្លារ​ ​រហូតដល់១២,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយនឹង​បន្ត​កើនឡើង​ទៀត​”​។​ ​
​ចំពោះ​សន្ទស្សន៍​នៃ​តម្លៃ​ដី​ខាងលើ​នេះ​ ​ក្រុម​អ្នកជំនាញ​បាន​កំណត់​សម្គាល់​សម្រា​ ​ប់​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ​ ​និង​តំបន់​ជាយក្រុង​ដែល​ព័ទ្ធជុំវិញ​តែប៉ុណ្ណោះ​ ​ដោយ​មិន​សំដៅ​ទៅ​គ្រប់តំបន់​ទូទៅ​នោះ​ទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here