ដោយវុត្ថា
ភ្នំពេញ៖ គម្រោងធំៗចំនួន ៥ ដែលបាននឹងកំពុងដំណើរការបណ្តើរៗ នឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែមានភាពទាក់ទាញពីវិនិយោគិនជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានការរីកចំរើននាពេលអនាគត។

ខេត្តកោះកុងគឺជាខេត្តដែលមានតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលមួយក្នុងចំណោមខេត្តទាំងបួននៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី និងមានសក្តានុពលខ្ពស់លើការវិនិយោគទាំងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ខាងក្រោមនេះ គឺជាគម្រោងធំៗ៥ដែលនឹងកើតឡើងនៅលើទឹកដីខេត្តកោះកុង និងអង្រួនចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិ៖
-->

១) ការពង្រីកផ្លូវជាតិ ៤៨
រដ្ឋាភិបាលបានដាក់ចេញផែនការពង្រីកផ្លូវជាតិលេខ៤៨ ចេញពីផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកោះកុង ដែលធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងថែមទៀតពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍបន្ថែមនាពេលអនាគត។

២) ការសាងសង់ព្រលានយន្តហោះអន្តរជាតិ៣៥០ លានដុល្លារ
ក្រុមហ៊ុន Union Development Group បាននឹងកំពុង សាងសង់ព្រលានយន្តហោះអន្តរជាតិតម្លៃ ៣៥០ លានដុល្លារលើទំហំដីរហូតដល់៧៥០ ហិកតានៅខេត្តកោះកុង និងទីក្រុងវិស្សមកាលតារាសាគរ។ ព្រលានយន្តហោះនេះ ជាលក្ខណៈខ្នាតអន្តរជាតិតែម្ដង ហើយអាចទទួលការចុះចតយន្តហោះមកពីគ្រប់ទិសទី។

៣) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ១០
រដ្ឋាភិបាលគ្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ១០ ដែលតភ្ជាប់រវាងស្រុកសំឡូតទៅកាន់ខេត្តកោះកុង ដែលសាងសង់ផ្លូវចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ទៅកាន់ខេត្តកោះកុង មានប្រវែងជា១៩៣គីឡូម៉ែត្រ ។
បើតាមលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងផ្លូវមួយខ្សែនេះ ទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិនប្រមាណ ១៨៣ លានដុល្លារអាមេរិកសម្រាប់ការសាងសង់។ រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ បានមើលឃើញថា ផ្លូវជាតិលេខ១០នេះ មានសក្ដានុពលសម្រាប់ការដឹកជញ្ជូន។

៤) គម្រោងកំពង់ផែទឹកជ្រៅខេត្តកោះកុង
ខេត្តកោះកុងនឹងកំពុងសាងសង់ក្នុងកម្រិតជម្រៅទឹក១២ម៉ែត្រ អាចនាំចេញនូផលិតផលបានចំនួន៥ម៉ឺនតោន និងមានគម្រោងសាងសង់រហូតដល់ ១៤ម៉ែត្របន្ថែមទៀត១០ ម៉ឺនតោននាពេលខាងមុខនេះ។ ក្រៅពីនេះ ខេត្តកោះកុងក៏មានកំពង់ផែរបស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) ក៏បាននឹងកំពុងសាងសង់នៅក្បែរនោះដែរដែលមានជម្រៅ១២ ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្តានុពលកាន់តែខ្ពស់ក្នុងការនាំទំនិញទៅកាន់ទីផ្សារបរទេស។

៥) គម្រោងសាងសងឡើងវិញអតីតព្រលានយន្តហោះកោះកុង
ក្រុមហ៊ុនលី យ៉ុងផាត់ គ្រប់ សហការជាមួយនិងក្រុមហ៊ុន Bangkok Airway របស់ថៃគ្រោងបោះទុនប្រមាណ៤០លានដុល្លារអាមេរិកកំពុងសិក្សាសាងសង់ឡើងវិញនូវអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ដោយររំពឹងថា អាចដំណើរការសាងសង់នៅឆ្នាំ២០២០នេះ ។
សម្រាប់គម្រោងសាងសង់ ព្រលានយន្តហោះកោះកុង ក្នុងក្រុងខេមរភូមិន្ទឡើងវិញនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាន សង្គម និងបច្ចេកទេស ហើយគោលបំណងរបស់ក្រុមហ៊ុនវិនិយោគ គឺចង់ទាក់ទាញការវិនិយោគ នៅខេត្តកោះកុងឲ្យកាន់តែខ្លាំងក្លាឡើង ដែលផ្ទុយពីអតីតកាលដែលជាខេត្តគេបំភ្លេចចោល និងសម្រាប់ដាក់អ្នកទោស។
កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកំពត និង ខេត្តព្រះសីហនុ ខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ ។
ខេត្តកោះកុង មានចម្ងាយ ២៧១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ និង ៤៨ កាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ។ ខេត្តកោះកុង មានផ្ទៃដីទំហំ ១១ ១៦០ គីឡូម៉ែត្រការ៉េ ជាប់លំដាប់ទី ៦ បណ្តាផ្ទៃដីនៃរាជធានីខេត្តទាំង ២៥ ។ កោះកុង មានក្រុងខេមរភូមិន្ទ និង ឆ្នេរសមុទ្រប្រវែង ៣៣៤ គីឡូម៉ែត្រ ៕
