ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមប្រឹក្សាជាតិ និងភស្តុភារកម្ម បានចាប់ផ្តើមបើកកិច្ចប្រជុំលើកទីមួយ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការមេអន្តរកាលស្ដីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្មឱ្យកាន់តែប្រសើរ។

ជាការជំរុញដល់ដំណើរការ នៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនមធ្យោបាយកាលពីថ្ងៃ៦ ខែមករា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទីមួយ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការមេអន្តរកាល ស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មក្រោម។
-->
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់មន្ត្រីកំពូលៗជាច្រើននាក់ ដូចជាលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម លោកសុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល លោកឈាង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងភាគីពាក់ព័ន្ធផងដែរ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់ នៃការបង្កើតផែនការមេថ្នាក់ជាតិភស្តុភារកម្ម យោងតាមតម្រូវការចាំបាច់ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ក្នុងគោលបំណងបញ្ចុះតម្លៃដឹកជញ្ជូន និងភស្តុភារកម្ម ប្រកបដោយភាពប្រកួតប្រជែង ដែលអាចឱ្យកម្ពុជា មានឱកាសទាក់ទាញវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។
លោកស៊ុន ចាន់ថុល ក៏បានជម្រាបជូនអង្គប្រជុំអំពីគម្រោងមួយចំនួន ដែលបាន និងកំពុងអនុវត្តបន្តនៅក្នុងក្របខ័ណ្ឌកម្ពុជា និងក្របខ័ណ្ឌអាស៊ាន រួមមាន គម្រោងអាស៊ានហាយវ៉េលេខ១ គម្រោងបណ្តាញផ្លូវដែលជាច្រកសេដ្ឋកិច្ចសំខាន់ៗ និងការតភ្ជាប់ទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ច ដូចជា ប៉ោយប៉ែត និងបាវិតជាដើម។

ក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ដែលកំពុងដំណើរការ និងមួយទៀតស្ថិតក្នុងដំណាក់កាលសាងសង់។ យានយន្តថៃអាចចូល និងធ្វើចរាចរណ៍ក្នុងរវាង២០គីឡូម៉ែត្រ គិតចាប់ពីខ្សែបន្ទាត់ព្រំដែន និងយានយន្ត១៥០គ្រឿង ( ត្រូវបានចុះបញ្ជីការពិសេស) ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ហួសពីចំណុច២០គីឡូម៉ែត្រ គិតចាប់ពីខ្សែបន្ទាត់ព្រំដែនក្នុងប្រទេសទាំងពីរ តាមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CETA) នៃក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ។
តំបន់ព្រំដែនមានការកកស្ទះ ដោយសាររថយន្តក្រុងទេសចរណ៍រថយន្តធុនធ្ងន់ និងរថយន្តផ្ទាល់ខ្លួន។ ទំហំចរាចរណ៍របស់រថយន្តដឹកទំនិញធុនធ្ងន់ នៅច្រកប៉ោយប៉ែតគឺមានប្រមាណ ២០០គ្រឿង ក្នុងមួយថ្ងៃ។

ដោយឡែកច្រកព្រំដែនបាវិត មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩។ យានយន្តវៀតណាមអាចចូលកម្ពុជានិងធ្វើចរាចរណ៍ក្នុងរវាង២០គ.ម គិតចាប់ពីខ្សែបន្ទាត់ព្រំដែន និងយានយន្ត៥០០គ្រឿង (ត្រូវបានចុះបញ្ជីការពិសេស) ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ហួសពីចំណុច ២០គ.ម គិតចាប់ពីខ្សែបន្ទាត់ព្រំដែនក្នុងប្រទេសនេះ តាមកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ។
ទំហំចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅច្រកបាវិត គឺមានយានយន្តប្រមាណ២០០គ្រឿងក្នុងមួយថ្ងៃ ដូចគ្នានឹងច្រកប៉ោយប៉ែតដែរ៕