ស្ដាប់សម្ដីស្ត្រីជើងខ្លាំងក្នុងវិស័យអចលនទ្រព្យនិយាយពីទីផ្សារខុនដូឆ្នាំ២០២០

0

ដោយៈ​ ​រ៉ា​ណេត​ ​

​ភ្នំ​ពេញៈ​ ​ស្ត្រី​ជើងខ្លាំង២រូប​ ​ដែល​សុទ្ធតែ​មាន​ជំនាញ​ ​និង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​សម្រាប់​ទីផ្សារ​ខុន​ដូ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ ​ទាំង​សកម្មភាព​អភិវឌ្ឍ​សាងសង់​ ​ក៏ដូចជា​ការ​លក់​ផង​ដែរ​។​ ​

​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​ ​នៅតែ​អាច​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ ​មិនថា​សកម្មភាព​នៃ​ការ​វិនិយោគ​ ​ការសាងសង់​ ​និង​ការទិញ​-​លក់​ ​នោះ​ទេ​ ​ខណៈ​ដែល​វិស័យ​មួយ​នេះ​ ​នៅក្នុង​ប្រទេស​ថៃ​ ​កំពុង​បង្ហាញ​សញ្ញា​ដាំ​ក្បាល​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរ​ជា​តុ​ ​CBRE​ ​Cambodia​ ​លោកស្រី​ ​អាន​ ​សុធី​តា​បាន​លើកឡើង​ថា​ ​ទីផ្សារ​ខុន​ដូ​សម្រាប់​ឆ្នាំ២០២០នេះ​ ​នៅតែ​មានដំណើរ​ការ​ល្អ​ ​ដោយសារ​មានការ​ផ្គត់ផ្គង់​កាលពី​ចុងឆ្នាំ២០១៩កន្លងទៅ​ ​កើនឡើង​ប្រមាណ២០,០០០​ ​យូនី​ត​ ​។​ ​លោកស្រី​បាន​បន្ត​ថា​ ​ខុន​ដូ​ប្រភេទ​កម្រិន​សមរម្យ​ ​មានតម្លៃ​ចន្លោះ​ពី១២០០ដុល្លារ​ឡើង​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​និង​ខុន​ដូ​ក​ម្រិ​ត​ធម្យម​មានតម្លៃ​ចាប់ពី១៥០០​ ​ទៅ២៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​បាន​ដាក់​លក់​កាលពី​ចុងឆ្នាំ២០១៩​ ​និង​នៅដើម​ឆ្នាំ២០២០នេះ​ច្រើន​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៅក្នុង​ស្រុក​។​ ​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​“​បច្ចុប្បន្ន​នេះ​ពលរដ្ឋខ្មែរ​ភាគច្រើន​ ​បាន​ងាក​មក​ចាប់អារម្មណ៍​ខ្លាំង​លើ​វិស័យ​ខុន​ដូ​។​ ​ប៉ុន្តែ​សម្រាប់​ខុន​ដូ​កម្រិតខ្ពស់​ ​ដែល​មានតម្លៃ​ចាប់ពី៣​ ​០០០​ ​ដុល្លារ​ឡើង​ក្នុង​ម៉ែត្រការ៉េ​ ​គឺ​ជនបរទេស​ចាប់អារម្មណ៍​វិនិយោគ​ច្រើន​ ​ហើយ​ភាគច្រើន​ពិសេស​ជនជាតិ​ចិន​”​។​ ​លោកស្រី​បន្ថែម​ថា​ ​“​និយាយ​ជា​រួម​ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ ​តាមរយៈ​កិច្ចសហការ​ជាមួយ​ធនាគារ​ក្នុង​ផ្តល់​ប្រាក់កម្ចី​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​”​។​ ​

​ស្រដៀងគ្នា​នេះ​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​រក្រុ​មហ៊ុន​អចលនទ្រព្យ​អន្តរជាតិCentury21​ ​Cambodia​ ​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​ ​ប៉ុន្តែ​សម្រាប់​អ្នក​វិនិយោគ​ ​ក៏​គួរតែ​ផ្លាស់ប្ដូរ​នូវ​យុទ្ធសាស្ត្រ​ថ្មី​ ​ដើម្បី​ជំរុញ​ដល់​ការ​លក់​ឱ្យ​មាន​កំណើន​ខ្ពស់​។​ ​លោកស្រី​បាន​បញ្ជាក់​ថា​ ​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ភាគច្រើន​អភិវឌ្ឍន៍​បាន​រៀបចំ​ ​និង​ប្ដូរ​យុទ្ធសាស្ត្រ​ក្នុង​ការ​លក់​របស់​ខ្លួន​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​ដោយ​ការធានា​ ​ក្នុង​ការ​ធ្វើ​ឱ្យ​អតិថិជន​ទទួល​បាន​ចំណេញ​ ​បន្ទាប់ពី​ការទិញ​យ៉ាងតិច​រយៈពេល៣ឆ្នាំ​ក្នុង​អត្រា​ចន្លោះ​ពី៦​-​៨​ ​ភាគរយ​។​ ​

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​ ​ជា​រឿង​មួយ​សំខាន់​បំផុត​ ​ក្នុង​ការជំរុញ​កំណើន​លក់​ប្រកបដោយ​ភាព​ជោគជ័យ​ ​ជាពិសេស​ការធានា​អតិថិជន​អាច​ទទួល​បាន​ភាគ​ចំណេញ​ដោយ​ការ​ជួយ​ត្រឡប់មកវិញ​ ​ហើយ​យុទ្ធសាស្ត្រ​នេះ​អាច​ដំណើរការ​បាន​ល្អ​ ​ក៏​អាស្រ័យ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ ​ដែល​មាន​ជំនាញ​ក្នុង​ការ​រក​ភ្ញៀវ​ធ្វើជា​ជំនួយ​”​។​ ​
​លោកស្រីGraceបាន​បន្ត​ទៀត​ថា​ ​អ្នក​អភិវឌ្ឍន៍​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ជំនាញ​លក់​ ​ទៅលើ​ការរៀបចំ​រចនា​ ​ការ​ចាត់​ចំណាត់ថ្នាក់​យូនី​ត​នី​មួយ​ៗ​ ​និង​ការ​ចាប់​យក​អតិថិជន​គោលដៅ​របស់​ខ្លួន​ ​ទើប​មិន​ប្រឈម​នឹង​ហានិភ័យ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here