ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ស្ទើរតែទូទាំងខេត្តព្រះសីហនុកាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅនេះត្រូវបានគេគត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យហាក់ត្រូវបានជាប់គាំង ជាពិសេសក្រោយចលនាចាកចេញរបស់ជនជាតិចិនរាប់ម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែសម្រាប់ឆ្នាំថ្មី ២០២០នេះ បណ្តាអ្នកជំនាញសុទ្ធតែបង្ហាញពីភាពសុទិដ្ឋិនិយមជាមួយនឹងភាពជឿជាក់ថា វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះនឹងមានភាពល្អប្រសើរឡើងវិញជាក់ជាមិនខាន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០នេះថា តាមការកត់សម្គាល់របស់លោក គឺយ៉ាងយូរមិនលើសពីពាក់កណ្តាលឆ្នាំនេះនោះទេ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុនឹងល្អប្រសើរឡើងវិញ ស្របពេលដែលគម្រោងវិនិយោគធំៗជាច្រើនបានបន្តចូលមកបន្ថែមទៀតជាហូរហែ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ភាពរីកចម្រើន និងល្អប្រសើរនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុគឺអាស្រ័យទៅលើកត្តារួមផ្សំជាច្រើន រួមមានកត្តាសន្តិសុខ ស្ថេរភាពនយោបាយ រួមជាមួយនឹងគោលការណ៍សំខាន់ៗរបស់រដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិមកកាន់កម្ពុជា គឺកំពុងតែមានសក្ដានុពល”។
លោកឧកញ៉ាបន្តថា “កំណើននៃការវិនិយោគនៅក្នុងឆ្នាំ២០២០នេះ គឺមិនមែនមានតែនៅក្នុងខេត្តព្រះសីហនុតែមួយនោះទេ ពោលគឺស្ទើរគ្រប់ខេត្តក្រុង និងគ្រប់វិស័យ ដែលក្នុងនោះ វិស័យអចលនទ្រព្យក៏ស្ថិតនៅក្នុងចំណោមគម្រោគវិនិយោគ និងអភិវឌ្ឍន៍ទាំងអស់ផងដែរ”។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍បន្តទៀតថា “ជាធម្មតានៅពេលដែលមានការចូលមកវិនិយោគដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនអន្តរជាតិ តែងជួយជំរុញដល់វឌ្ឍភាពនៃវិស័យអចលនទ្រព្យ។
-->
ជាក់ស្ដែងដូចជាខេត្តព្រះសីហនុ ដែលមានកំណើនវិនិយោគរាប់រយ រាប់គម្រោង បានធ្វើតម្រូវការនៃការប្រើប្រាស់ដី តម្រូវការលើការប្រើប្រាស់សំណង់អគារពាណិជ្ជកម្មនានាក៏មានកំណើនដោយស្វ័យប្រវត្តិ ជាពិសេសក្រោយពេលដែលផែនការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនៅទូទាំងខេត្តត្រូវបានបញ្ចប់ នោះសន្ទុះនៃការវិនិយោគជាច្រើនគម្រោងដែលមានទំហំទឹកប្រាក់រាប់ពាន់ដុល្លារនឹងចាក់ស្រោចចូលខេត្តមួយនេះជាក់ជាមិនខាន”។

ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោកស្រី ចេវ សុឃុន បានយល់ស្របទៅនឹងការលើកឡើងខាងលើនេះ ដោយលោកស្រីបានបញ្ជាក់ថា ការចាកចេញរបស់ជនបរទេសកាលពីពេលកន្លងទៅក្រោយពេលរដ្ឋាភិបាលសម្រេចបិត Game Online ពិតជាប៉ះពាល់ដល់វិស័យអចលនទ្រព្យ ប៉ុន្តែមិនមែនជាបញ្ហាធំនោះទេ។
លោកស្រីបានបន្តថា “រដ្ឋាភិបាលក៏បានរៀបចំផែនការ ដើម្បីធ្វើឱ្យខេត្តព្រះសីហនុទាំងមូលមានភាពទាក់ទាញលើការវិនិយោគសាជាថ្មី ជាក់ស្ដែងដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប៉ទីកន្លែងឱ្យបានល្អប្រសើរ ការរៀបចំគោលនយោបាយក្នុងការទាក់ទាញវិនិយោគិន ជាពិសេសការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ដើម្បីសម្រួលដល់ការវិនិយោគនៅក្នុងប្រទេសផងដែរ។
ជាលទ្ធផល ពេលនេះយើងឃើញមានគម្រោងថ្មីៗជាច្រើនដែលមានតម្លៃរាប់ពាន់ដុល្លារបានចូលមកបន្ថែមពីលើគម្រោងចាស់ ដូច្នេះភាពល្អប្រសើរពិតនឹងកើតមានជាក់ជាមិនខាន”។
ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ និងការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់លេខ១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ក្នុងចំណោមនេះវិស័យសំណង់មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ គិតចាប់ពីឆ្នាំ២០១៧ដល់ខែធ្នូឆ្នាំ២០១៩ មានចំនួន១,១៣៧គម្រោង មានផ្ទៃក្រឡាសរុប១០,៧៧១,៧២០.៩២ម៉ែត្រក្រឡាស្មើនិងទុនវិនិយោគសរុប ៥,៨៧១,៩៧៦,៩៨៥.៥០ ដុល្លា ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ផ្អែកលើកត្តាវិជ្ជមានខាងលើ ខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមថាជា តារារៈនាទិសនិរតី ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ មណ្ឌលកំសាន្ត ។ ល។
ការសាងសង់ផ្លូវល្បឿនលឿន ផ្លូវដែក ការកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជាដែលបច្ចុប្បន្នបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតេន័រចេញចូលទូទាំងប្រទេសប្រមាណ ៧៣ ភាគរយ និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ ផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ក្នុងបរិបថនៃយុគ្គសម័យសកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងជាមួយនឹងពិភពលោក៕