ដោយ ៖ រ៉ាណេត
ប៉ោយប៉ែត ៖ សំណង់អគារជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញសម្រេចផ្អាកដំណើរការសាងសង់បន្ទាប់ពីពិនិត្យឃើញថា សំណង់ទាំងនោះធ្វើឡើងខុសបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

មន្ត្រីជំនាញបច្ចេកទេសវិស័យសំណង់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចុះពិនិត្យការដ្ឋានសំណង់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើផ្នែកបច្ចេកទេស គុណភាពសំណង់ ច្បាប់ និងបទប្បញ្ញត្តិ ដើម្បីការពារនូវអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ សុខុមាលភាព ធានាសុវត្ថិភាព និងគុណភាពសំណង់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានសម្រេចធ្វើការផ្អាកការសាងសង់ជាបណ្តោះអាសន្ន។
ផ្អែកតាមការបញ្ជាក់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការសាងសង់សំណង់មួយចំនួនខាងលើនេះ ដោយសារតែការត្រួតពិនិត្យរកឃើញថា សំណង់ខ្លះការសាងសង់ពុំមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ហើយការដ្ឋានសាងសង់ដែលពុំមានគម្រោងប្លង់ (ស្ថាបត្យកម្ម, គ្រឿងផ្គុំសំណង់, មេការនិកទឹកនិងភ្លើង) និងរបាយការណ៍ពិសោធន៍ដី។ ដោយឡែកសំណង់ខ្លះទៀតត្រូវបានសាងសង់ដោយមានអ្នកជំនាញក្នុងវិស័យសំណង់ ឬក្រុមហ៊ុនប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ពុំទាន់មានអាជ្ញាបណ្ណត្រឹមត្រូវ និងពុំមានអ្នកគ្រប់គ្រងការដ្ឋានសំណង់ ជាពិសេសមានអ្នកស្នាក់នៅក្នុងការដ្ឋានពេលដែលកំពុងដំណើរការសាងសង់ ហើយគ្មានវិញ្ញាបនបត្រធារារ៉ាប់រងការងារ
។

មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ម្ចាស់សំណង់អាចទទួលបានការអនុញ្ញាតឱ្យបើកការដ្ឋានឡើងវិញបាន លុះត្រាតែបានអនុវត្តការណែនាំដូចខាងក្រោម ៖
ទី១- ម្ចាស់សំណង់ត្រូវ បំពេញនូវចំណុចខ្វះខាត ផ្នែកបច្ចេកទេស និងច្បាប់ដូចបានបញ្ជាក់ខាងលើជាមុនសិន
ទី២- ម្ចាស់សំណង់ត្រូវរកអ្នកត្រួតពិនិត្យនិងបញ្ជាក់ ឬក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់ ដែលមានអាជ្ញាបណ្ណ មកធ្វើការ ពិនិត្យ វិភាគ គណនា បញ្ជាក់ ដើម្បីធានាសុវត្ថិភាពសំណង់









