ក្រុមហ៊ុនជប៉ុនផ្តល់ពូលបំភ្លឺផ្លូវLEDចំនួន៥០០បន្ថែមទៀតដើម្បីបង្កើតទីក្រុងឆ្លាតនៅក្រុងសៀមរាប

0

ដោយ​វុត្ថា

​សៀម​រា​បៈ​ ​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​ ​បានសម្រេច​ផ្តល់​អំពូលភ្លើងLED​ ​នូវ​ចំនួន៥០០អំពូល​នៅក្នុង​ឆ្នាំ២០២០នេះ​ ​ដល់​រដ្ឋបាល​ខេត្តសៀមរាប​ ​ដើម្បី​បំភ្លឺ​ផ្លូវ​សាធារណៈ​ ​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុង​សៀមរាប​ជា​ក្រុង​វៃឆ្លាត​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​ការ​តំឡើង​អំពូលភ្លើងLED​ ​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅ​ខេត្តសៀមរាប​ ​ចំនួន៥០០អំពូល​ក្នុង​ឆ្នាំ២០២០​ ​រវាង​រដ្ឋបាល​ ​ខេត្តសៀមរាប​ ​ជាមួយ​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃទី១០ខែមករា​ ​ម្សិលមិញ​នេះ​ ​លោក​ ​ពៅ​ ​ពិសិដ្ឋ​ ​អភិបាលរង​សៀមរាប​ ​បាន​សម្តែង​នូវ​អំណរគុណ​ ​ដល់​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការបាន​ល្អ​ ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ ​“​ការ​ផ្តល់​របស់​ក្រុមហ៊ុន​នេះ​ ​ក្នុង​គោលបំណង​បម្រើ​នូវ​ចក្ខុវិស័យ​នា​ពេល​អនាគត​របស់​ខេត្តសៀមរាប​ ​ក្នុង​ការ​លើកកម្ពស់​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​ឲ្យ​ក្លាយជា​ទីក្រុង​ស្អាត​ ​សុវត្ថិភាព​ ​ងាយស្រួល​សម្រាប់​អ្នក​រស់នៅ​ ​ដែល​ជា​ខេត្ត​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក​ ​ចូល​មក​ទស្សនា​កម្សាន្ត​ ​តាមរយៈ​ធ្វើឲ្យ​ប្រសើរ​ឡើង​ ​ក្នុង​ការ​ឆ្ពោះទៅ​គោលដៅ​ទីក្រុង​វៃឆ្លាត​”​។​ ​

​លោក​បន្ត​ទៀត​ថា​ ​ក្នុងរយៈពេល​កន្លងមក​ក្រុមហ៊ុន​បាន​ ​ផ្តល់​នូវ​អំពូលភ្លើងLED​ ​បំភ្លឺ​ផ្លូវ​សាធារណៈ​នៅ​ខេត្តសៀមរាប​ ​មាន​ចំនួន១៩៥០អំពូល​ ​ដែល​បាន​កំពុង​ប្រតិបត្តិ​ការ​ ​នៅ​លើ​ដងផ្លូវ​សំ​ខាន់​ៗ​ក្នុង​ខេត្ត​ ​តាមរយៈ​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​ហើយ​ក្នុង​ឆ្នាំ២០២០នេះ​ ​ក៏បាន​ផ្តល់​នូវ​ចំនួន៥០០អំពូល​ ​ក្នុង​កិច្ចសហការ​រឹងមាំ​ពី​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​សាលាខេត្ត​សៀមរាប​ ​និង​ធ្វើការ​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ​បន្ថែម​ទៀត​ ​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​ ​ក្នុង​ក្រុង​សៀមរាប​ ​ដើ​មី្ប​ធានា​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​ ​ដល់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​រួម​ទាំង​សន្តិសុខ​ទៀតផង​។​ ​

​លោក​ពៅ​ ​ពិសិដ្ឋ​បាន​បន្ថែម​ថា​ ​តាមរយៈ​គម្រោង​នេះ​ដែរ​ ​ខេត្ត​ក៏​ធ្វើការ​កែ​លម្អ​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទេសចរណ៍​ ​ឲ្យ​ក្លាយជា​ទីក្រុង​គោលដៅ​ ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​ ​ការអនុវត្ត​សុវត្ថិភាព​ចរាចរណ៍​ ​ដោយ​ពង្រឹង​ ​និង​ជួសជុល​ផ្លូវថ្នល់​ដំឡើង​អំពូល​បំភ្លឺ​ផ្លូវ​ ​ព្រមទាំង​យកចិត្ត​ ​ទុកដាក់​លើ​ការងារ​បរិស្ថាន​ ​ដោយ​ប្រើប្រាស់​ឧបករណ៍​ដែល​ប្រើប្រាស់​ថាមពល​មានប្រសិទ្ធភាព​ ​ដូប​អំពូល​បំភ្លឺ​ផ្លូវ​វៃឆ្លាត​ ​និង​ការគ្រប់គ្រង​កាកសំណល់​តាម​គ្រួសារ​ ​និង​ឧស្សាហកម្ម​ ​ដោយធ្វើ​ការណែនាំ​ប្រព័ន្ធ​គ្រប់គ្រង​កាកសំណល់​វៃឆ្លាត​ផង​ដែរ​។​

​លោក​ ​TETSU​ ​SHIOZAKI​ ​អនុប្រធាន​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​បាន​បញ្ជាក់​ថា​ ​កម្មវិធី​នៃ​ការ​បំពាក់​ប្រព័ន្ធ​អំពូល​បំភ្លឺ​ផ្លូវLED​ ​ជាមួយ​បណ្តាញ​ឥត​ខ្សែ​ ​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​ ​មានប្រសិទ្ធភាព​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ ​លោក​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ការប្រែប្រួល​អាកាសធាតុ​ ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ពិភពលោក​ ​ដែល​បណ្តាល​មក​ពី​កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ​ក្នុង​បរិយាកាស​ ​ដូច្នេះ​ទើបត្រូវ​មាន​វិធានការ​ជាច្រើន​ត្រូវ​បាន​លើកឡើង​ ​ដើម្បី​កាត់បន្ថយ​ការ​ ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​ ​

​លោក​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​និង​រដ្ឋបាល​ខេត្តសៀមរាប​ ​បាន​ដំណើរការ​ទៅ​ដោយ​រលូន​ ​ទាំង​ការ​បំពាក់​អំពូល​ ​និង​ ​ការគ្រប់គ្រង​ថាមពល​ក្នុង​ការ​បំភ្លឺ​ជាដើម​។​ ​
​លោក​បាន​បន្ត​ទៀត​ថា​ ​ដោយ​បច្ចេកវិទ្យា​ទំនើប​រាល់​អំពូលភ្លើង​ ​ដែល​បាន​បំពាក់​បំភ្លឺ​នៅ​តាម​ដង​ ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ ​អាច​គ្រប់គ្រង​ដោយ​បណ្តាញ​ឥត​ខ្សែ​ជួយ​ដល់​ការ​បិទ​ ​បើក​អំពូល​បំភ្លឺ​ផ្លូវ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការចូលរួម​ចំណែក​ដល់​ការកាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ​ហើយនិង​ធ្វើការ​បំពាក់​ពង្រីក​អំពូល​បំភ្លឺ​ផ្លូវ​ ​ដែល​ប្រើប្រាស់​ថាមពល​មាន​ប្រសិទ្ធិ​ភាព​ ​នៅ​តាម​តំបន់​ផ្សេង​ៗ​នា​ពេល​អនាគត​ ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ ​Minebea​ ​Mistumi​ ​និង​រដ្ឋាភិបាល​ជប៉ុន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here