ដោយៈ រ៉ាណេត
ពោធិ៍សាត់ៈ ក្នុងគោលបំណងជួយស្រោចស្រង់ និងឧបត្ថម្ភគាំទ្រជីវភាពរបស់កុមារកំព្រាដែលកំពុងជួបការលំបាក នៅក្នុងខេត្តពោធិ៍សាត់ចំនួន៦៨នាក់ ឯកឧត្តម ប៊ី សុក្របណ្ឌិត ជានាយកអង្គការ បានសម្រេចធ្វើពិធីបុណ្យផ្កាសាមគ្គី ដើម្បីអង្គាសថវិកា និងគ្រឿងបរិភោគដើម្បីជួយកុមារកំព្រាទាំងអស់នោះ។

-->
យោងតាមលិខិតអញ្ជើញរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា កាលពីពេលកន្លងទៅនេះ សម្រាប់ការផ្គត់ផ្គង់ និងដោះស្រាយកត្តារស់នៅប្រចាំថ្ងៃរបស់កុមារកំព្រាទាំង៦៨នាក់ខាងលើនេះ ត្រូវបានគាំពារទាំងស្រុង ដោយអង្គការគាំទ្រអភិវឌ្ឍន៍អន្តរជាតិ EMPOWERMENTADVOCATESINTERNATIONAEAI ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មានទីតាំងនៅភូមិទួលគ្រាក់សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដែលហៅថាផ្ទះសុវត្ថិភាពកុមារ ដែលមានលោកម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ ជាអាណាព្យាបាល។ ប៉ុន្តែដោយសារមានបញ្ហាហិរញ្ញវត្ថុពីម្ចាស់ជំនួយ បានធ្វើឱ្យមានការរាំងស្ទះដល់ដំណើររបស់អង្គការមួយរយៈពេល ទើបលោក ម៉ាថាយអារុណហ្សាណុន ប្រធាន និង ស្ថាបនិកអង្គការគាំទ្រអភិវឌ្ឍន៍អន្តរជាតិ EAI បានអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីធ្វើការរៃអង្គាសលុយ យកមកផ្គត់ផ្គង់ដល់អង្គការទាំងមូល ខណៈដែលលោកអភិបាលតែងព្យាយាមជួយផ្គត់ផ្គង់ និងឧបត្ថម្ភជារៀងរាល់ខែ។
ទោះបីជាបែបណាក៏ដោយ បច្ចុប្បន្ននេះ អង្គការអង្គការគាំទ្រអភិវឌ្ឍន៍អន្តរជាតិ EMPOWERMENTADVOCATESINTERNATIONAEAI នៅមានភាពលំបាក និងខ្វះខាតជាច្រើនទៀត ដូចជាផ្នែកអាហារូបត្ថម្ភ ថ្នាំសង្កូវ សំលៀកបំពាក់ សម្ភារៈសិក្សា ជាពិសេសបញ្ហាថវិកាសម្រាប់ចំណាយជាប្រចាំខែ ដែលចាំបាច់ត្រូវមានការចូលរួមគាំទ្រពីសំណាក់បណ្តាសប្បុរសជនជាតិ និងអន្តរជាតិនាននៅទូទាំងប្រទេសបន្ថែមទៀត។

អាស្រ័យហេតុនេះ ក្នុងនាមអ្នកតំណាងអង្គការគាំទ្រអភិវឌ្ឍន៍អន្តរជាតិ EMPOWERMENTADVOCATESINTERNATIONAEAI ឯកឧត្តម ប៊ី សុក្របណ្ឌិត ជាអគ្គនាយកអង្គការ សហការជាមួយគណៈអភិបាលខេត្ត ដើម្បីជួយទៅដល់អង្គការ ក៏សូមអំពាវនាវដល់បណ្តាសប្បុរសជនទាំងអស់ មេត្តាជួយតាមលទ្ធភាព និងតាមសុទ្ធាជ្រះថ្លារៀងៗខ្លួន។ ពេលវេលានៃការនាំយកធនធាន ថវិកា និងសម្ភារៈប្រើប្រាស់ទៅឧបត្ថម្ភដល់អង្គការនឹងត្រូវធ្វើឡើងចំនួន២លើក ដោយលើកទី១ធ្វើនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយលើកទី២នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោកអ្នកអាចធ្វើការចែករំលែកធនធាន ឬជាថវិកាបានតាមរយៈគណនីធនាគារ ABA : 000357542 bysokbundith និង ACLEDA: 117474031 ឬទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០១៧ ៤១៤ ១០៩ / ០១៦ ៣៧ ៤៧ ៥៧ ៕