ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនOCIC ដែលបាននិងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងចេញលិខិតផ្តល់សិទ្ធិដល់អ្នកម៉ៅការសាងសង់ បន្ទាប់ពីបានជ្រើសរើសក្រុមហ៊ុនចំនួន៣នាក់ក្នុងចំណោមក្រុមហ៊ុនចំនួន៥ ដែលបានដាក់ពាក្យស្នើសុំម៉ៅការសាងសង់ ខណៈដែលគម្រោងប្លង់មេត្រូវបានសម្រេចជាង៦០ភាគរយ។

-->
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមទំហំទុនសរុបចំនួន១៥០០លានដុល្លារ នៅលើផ្ទៃដីសរុប២៦០០ហិកតា ក្រោមការវិនិយោគរួមគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន OCIC របស់លោកឧកញ៉ា ពង់ ឃាវសែ នឹងត្រូវចេញលិខិតផ្តល់សិទ្ធិដល់ក្រុមហ៊ុនអ្នកម៉ៅការសាងសង់នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
អ្នកដឹកនាំគណៈកម្មាធិការគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment Co.,Ltd របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC លោក Yee Con Long បានប្រាប់ឱ្យដឹងកាលពីចុងសប្ដាហ៍កន្លងទៅនេះថា ពេលនេះការរចនាប្លង់មេដែលជាគម្រោងស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានធ្វើឡើងបានប្រមាណជាង៦០គារយហើយ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែជ្រើសរើស រកក្រុមហ៊ុនជំនាញដែលជាអ្នកម៉ៅការសាងសង់១ ក្នុងចំណោម៣ បន្ទាប់ធ្វើការជម្រុះចំនួន៨កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០កន្លងទៅ ហើយនៅត្រឹមថ្ងៃទី២០ខែមករា ខាងមុខនេះគណៈកម្មាធិការគម្រប់គ្រងនឹងផ្តល់លិខិតផ្តល់សិទ្ធិម៉ៅការសាងសង់។
លោកYee Con Long បានឱ្យដឹងទៀតថា តាមគម្រោង និងផែនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញថ្មីមួយនេះ នឹងត្រូវធ្វើការបែងចែកចេញជា៣ដំណាក់កាល ដោយដំណាក់កាលដំបូងនឹងត្រូវបញ្ចប់នៅក្នុងខែ ឆ្នាំ២០២២ខាងមុខ ហើយបន្ទាប់មកនឹងមានការសាកល្បងមុន នឹងឈានដល់ការផ្ទេរប្រតិបត្តិការនៃព្រលានយន្តហោះ។

លោកបានបន្តថា “បន្ទាប់ពីបញ្ចប់តាមផែនការនៃដំណាក់ដំបូង ក្រុមហ៊ុននឹងទុករយៈពេល៦ខែ ដូច្នេះនៅត្រឹមខែមករា ឆ្នាំ២០២៣ គឺអាចចាប់ដំណើរការនៃប្រតិបត្តិការនៅលើព្រលានយន្តហោះមួយនេះក្នុងដំណាក់ទីមួយ”។ លោកបន្តថា“ជាមួយនឹងផែនការមេនៃការសាងសង់ព្រលានយន្តហោះថ្មីមួយនេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរប្រមាណ២៧លាននាក់នៅឆ្នាំ២០៣០ ហើយនឹងអាចផ្ទុកបានប្រមាណ៣០លាននាក់នៅក្នុងឆ្នាំ២០៥០ ខាងមុខនេះ”។
ភ្ជាប់ជាមួយនឹងគម្រោងនៃការសាងសង់ ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី មួយនេះ ក៏មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើផ្ទៃដីទំហំសរុបចំនួន១០០០ហិកតាផងដែរ៕