ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ក្រោមការយកចិតទុកដាក់យ៉ាងខ្ពស់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ៣៤ខ្សែ ក្រោមការចុះពិនិត្យតាមដានសកម្មភាពជាប់ជាប្រចាំពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីឱ្យប្រាកដថាមានគុណភាពខ្ពស់យ៉ាងពិតប្រាកដនោះ ពេលនេះត្រូវបានសម្រេចបានលទ្ធផល និងផ្លែផ្កាជាបណ្តើរៗហើយ ។

ជាមួយនឹងរូបភាពដែលបង្ហាញពីសកម្មភាពនៃការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ដែលរួមមានការឈូសឆាយដីផ្លូវថ្នល់ ការកិនបង្ហាប់ ការចាក់កៅស៊ូ និងការដាក់បណ្តាញលូបង្ហូរទឹកដែលមានទំហំធំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរីបនីយកម្ម និងសំណង់ ជា សុផារ៉ា បានសរសេរសារដ៏ខ្លី ដែលបង្កប់ន័យគ្រប់គ្រាន់ថា “អរគុណ ដែលបានបារម្ភពីគុណភាពហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ។ នេះជា សំណង់ និងតម្លៃ។ ម្ដងនេះឱ្យរថយន្តខ្លាចផ្លូវម្ដង”។
សម្រាប់ការសាងសង់ហេដ្ឋារនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុចំនួន៣៤ខ្សែ រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ២៩៤ លានដុល្លារសហរដ្ឋាអាមេរិក ដែលក្រោយពីបញ្ចប់ការសាងសង់ ខេត្តព្រះសីហនុនឹងប្រែមុខមាត់ថ្មី ដែលកាន់តែមានភាពទាក់ទាញក្នុងការវិនិយោគក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ដែលស្របទៅនឹងគម្រោងរបស់រដ្ឋាភិបាលប្រែក្លាយខេត្តមួយនេះឱ្យក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំប្រទេសកម្ពុជា។
តាមផែនការនៃការសាងសង់ ផ្លូវទាំង៣៤ខ្សែ ដែលមានប្រវែងសរុបចំនួន ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ ស្ពានចំនួន៦ ដែលមានប្រវែងសរុបចំនួន២៥២ម៉ែត្រ ដោយមានក្រុមហ៊ុនទទួលម៉ៅការសាងសង់ចំនួន៧ គ្រោងនឹងបញ្ចប់ទាំងស្រុងត្រឹមរយៈពេល៨ខែ។ នៅក្នុងចំណោមផ្លូវទាំង៣៤ខ្សែនេះ ក៏មានការបែងចែកចេញជា៣ប្រភេទ រួមមានមហាវិថីចំនួន៣ខ្សែ មានប្រវែងសរុប២២គីឡូម៉ែត្រ វិថីចំនួន១៦ខ្សែ មានប្រវែងសរុប៥០គីឡូម៉ែត្រ និងអនុវិថីចំនួន១៥ខ្សែ មានប្រវែងសរុបចំនួន១២គីឡូម៉ែត្រ ៕













