ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ ភ្ញៀវទេសចរចិន នៅតែស្ថិតនៅកំពូលតារាងនៃភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេក្នុងចំណោមទេសចរមកពី ១០ប្រទេស ហើយអាចកើនដល់២លាន៥សែននាក់ បន្ទាប់មកមាន វៀតណាម ថៃ ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងអង់គ្លេស។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា មានកត្តាសំខាន់ៗចំនួន២ ដែលជម្រុញឱ្យចំនួនភ្ញៀវទេសចរជនជាតិចិន មកកំសាន្តនៅកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះរួមមាន ៖ គោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ និងទេសចរណ៍ក្នុងគោលដៅវិនិយោគជាដើម។
លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា៖ “ជាទូទៅទេសចរដែលគាត់មានបំណងល្អ គាត់មកត្រឹមត្រូវតាមច្បាប់របស់គាត់ គាត់ពេញចិត្តក្នុងការទស្សនាកម្ពុជារបស់យើង ណាមួយចង់មើលអង្គរ មកភ្នំពេញសម្រាប់អ្នកមកវិនិយោគ នរណាក៏មកមើលព្រះបរមរាជវាំង សារមន្ទីរជាដើម។ ឥឡូវគាត់ក៏មាននិន្នាការថ្មីមួយក្នុងការទស្សនាតំបន់ អេកូទេសចរណ៍ដែរ”។ លោកបានបន្តថា “ពួកគាត់កាន់តែមានការយល់ដឹងលើផ្នែកបរិស្ថាននេះ កាលណាដែលគាត់បានទៅដល់ទីតាំងនោះគាត់បានរួមចំណែកក្នុងការការពារបរិស្ថាន។
ព្រោះនៅពេលដែលលុយរបស់គាត់បានចាយទៅ បានទៅដល់ដៃសហគមន៍ ហើយសហគមន៍នឹងបានកម្រៃពីទេសចរណ៍នេះ ហើយសហគមន៍នឹងខិតខំរៀបចំការពារធនធានធម្មជាតិ និងវប្បធម៌នៃសហគមន៍របស់គាត់។ អីចឹងបច្ចុប្បន្នយើងឃើញនិន្នាការនៃការទស្សនាតំបន់អេកូទេសចរណ៍ គឺមិនមែនតែនៅអង្គរវត្ត តំបន់សមុទ្រ ឬនៅភ្នំពេញនោះទេ”។
ចំនួនភ្ញៀវទេសចរចិនមិនមែនមានការកើនឡើងតែក្នុងប្រទេសកម្ពុជានោះទេ តែជាការកើនឡើងជាសកល។ ព្រោះតែចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនចិន និងភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ពលរដ្ឋចិនទូទាំងប្រទេសផ្ទាល់។ យោងតាមការព្យាករណ៍អង្គការទេសចរណ៍ពិភពលោកបានព្យាករណ៍ថា ចំនួនប្រជាជនចិន នៅក្នុងចំណោម១ពាន់លាននាក់ នឹងមាន៣០០លាននាក់អាចចេញធ្វើដំណើរកំសាន្តបាន។ តួរយ៉ាងនៅក្នុងឆ្នាំ២០១៩ នេះចំនួនប្រជាជនចិន ត្រូវបានអង្គការទេសចរណ៍ពិភពលោក បានព្យាករណ៍ថា ប្រជាជនចិនអាចបានចេញធ្វើដំណើរកំសាន្តរហូតដល់ទៅ១៥០លាននាក់។
ចំនួនភ្ញៀវទេសចរចិនដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងទាក់ទាញឱ្យទៅកាន់ប្រទេសរបស់ខ្លួននោះ បានចូលមកកំសាន្តនៅកម្ពុជា ប្រមាណ២លាន២ម៉ឺននាក់ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបជាង ៥លាន ២សែននាក់។ ចំនួននេះគិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០១៩ ពោលគឺគិតពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ប៉ុណ្ណោះ។ ហើយបើយើងគិតនៅក្នុងរយៈពេល១០ដូចគ្នានិងឆ្នាំ២០១៨ កម្ពុជាមានភ្ញៀវអន្តរជាតិសរុបកើនឡើងរហូតដល់ ៩.៧ភាគរយ។ ចំនួនភ្ញៀវទេសចរចិនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានក្រសួងទេសចរណ៍បានព្យាករណ៍ថានៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនអានមកកម្សាន្តនៅកម្ពុជាប្រមាណ២លាន៥សែននាក់។
តាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើជួយកម្ពុជាបង្កើតការងារបានពលរដ្ឋបានប្រមាណ៦២ម៉ឺននាក់ដោយផ្ទាល់ និងរាប់លានការងារដោយប្រយ៉ោលបន្ថែមទៀត ហើយវិស័យមួយនេះក៏បានរួមចំណែកក្នុងការផលិតផលក្នុងស្រុកសរុបប្រមាណ ១២.៧ភាគរយនៅក្នុងឆ្នាំ២០១៨៕