សម្តេចតេជោបង្កើតគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងមណ្ឌលគីរី

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ ​ស្តី​ពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ ​ដើម្បី​សិក្សា​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​ខណៈ​ខេត្ត​ទាំងពីរ​នេះ​ ​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​។​



​យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​ ​១៥​ ​ខែមករា​ឆ្នាំ​ ​២០២០​ ​កន្លងមក​នេះ​ ​ឱ្យ​ដឹង​ថា​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​ចំ​ណួន​ ​២៣​ ​នាក់​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​និង​អភិបាលខេត្ត​ទាំងពីរ​ជា​អនុប្រធាន​។​

​សេចក្តី​សម្រេច​នេះ​បន្ត​ថា​ ​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​តួនាទី​ ​និង​ភារកិច្ច​ ​ដូច​ខាងក្រោម​ ​៖​-​ ​រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​សិក្សា​រៀបចំ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ក្នុង​ខេត្ត​កែប​ ​និង​ខេត្តមណ្ឌលគីរី​ ​សំដៅ​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ ​និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​

​ពិនិត្យ​ ​សិក្សា​ ​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ ​សិល្បៈ​កំ​សាន្ត​ធំៗ​នៅពេល​យប់​ ​ទាំង​បុរាណ​ ​និង​ទំនើប​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​អាច​សហការ​រៀបចំ​ជាមួយ​វិស័យ​ឯកជន​ ​នៅ​តាម​ទីតាំង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ទាំងពីរ​ ​និង​ ​ពិនិត្យ​ ​សិក្សា​ ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ​ដែល​មាន​សក្តា​នុ​ពល​ផ្សេងទៀត​ក្នុង​ខេត្ត​ទាំងពីរ​។

​រដ្ឋាភិបាល​តាម​ក្រសួងទេសចរណ៍​កំពុង​រៀបចំផែនការ​មេ​ ​សម្រាប់​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ​ ​នៅក្នុង​ខេត្ត​មាន​សក្តា​នុ​ពល​ទេសចរណ៍​ចំនួន៦​ ​នៅក្នុង​ប្រទេស​ ​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ​កាន់តែ​ច្រើន​ ​និង​ស្នាក់នៅ​រយៈពេល​យូ​រ។​

​សម្រាប់​ខេត្តមណ្ឌលគិរី​ ​គឺជា​ខេត្ត​ទាក់ទាញ​មួយ​ ​ដែល​នឹង​រៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​ ​និង​ទីតាំង​សម្រាប់​ផ្គត់ផ្គង់​ផ្កា​ ​និង​បន្លែ​ ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ ​ព្រោះ​ការ​ដាំ​នៅ​ទីនោះ​ ​គឺ​បាន​ល្អ​ ​ហើយ​សព្វថ្ងៃ​ ​គឺ​ប្រទេស​កម្ពុជា​បាន​ទិញ​ពី​ប្រទេសជិតខាង​ច្រើន​ ​ដែល​ធ្វើឲ្យ​ ​លេច​ធ្លាយ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ទៅវិញ​ប្រហែល២៥ភាគរយ​។​ ​

​បច្ចុប្បន្ន​រដ្ឋាភិបាល​ ​ក៏បាន​អនុញ្ញាត​ឲ្យ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ខ្នាត​តូចល្មម​មួយ​ ​នៅ​ខេត្តមណ្ឌលគិរី​ ​ហើយ​ផែនការ​នេះ​ ​កំពុងតែ​វិវត្ត​ទៅ​មុ​ខ​បណ្តើរ​ៗ​។​

​ចំណែក​ខេត្ត​កែប​វិញ​ ​តាម​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​ ​នឹង​ដើរ​តួរ​ជា​ត្រីវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ ​ប្រកបដោយ​ចីរភាព​ ​និង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​កម្រិត​តំបន់​ ​និង​អន្តរជាតិ​ក្នុង​ការ​ទាក់ទាញ​ទាំង​អ្នក​វិនិយោគ​គុណភាព​ ​និង​ភ្ញៀវ​ទេសចរ​កម្រិតខ្ពស់​មក​ខេត្ត​កែប​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here