ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ត្រឹមរយៈ២ខែបន្ទាប់ពីសម្ពោធបើកការដ្ឋានក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ ការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ត្រូវបានសម្រេច៣០ភាគរយហើយ។

ស្របទៅនឹងផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលសម្ពោធបើកការដ្ឋានសាងសង់ដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនោះ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជាលទ្ធផលនៃការសាងសង់ត្រូវបានសម្រេចប្រមាណ៣០ភាគរយ ខណៈដែលផ្លូវអូរត្រេះចាប់ផ្តើមចាក់បេតុង។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានមានប្រសាសន៍ថា គ្រប់ការដ្ឋានផ្លូវទាំង៣៤ខ្សែ ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ រហូតមកដល់ត្រឹមថ្ងៃនេះ(១៥មករាឆ្នាំ២០២០) ជាលទ្ធផលសម្រេចបានប្រមាណជា៣០ភាគរយ នៃគម្រោងហើយ។ ការដ្ឋានសាងសង់ផ្លូវទាំង៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦និងកងវិស្វកម្មចំនួនពីរគឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ស្ពានថ្នល់នៃក្រសួងការពារជាតិ។
លោក គួច ចំរើន បានបញ្ជាក់ថា “ការសាងសង់ផ្លូវនេះជាទូទៅមានល្បឿនលឿន ព្រោះកន្លែងខ្លះធ្វើទាំងយប់ទាំងថ្ងៃ និងយឺតនៅកន្លែងខ្លះដោយសារ បច្ចេកទេសដាក់លូ ប៉ុន្តែត្រូវបានដោះស្រាយហើយ។ ផ្លូវអូរត្រេះ បានចាប់ផ្តើមចាក់បេតុងហើយ ចំណែកចំណោទផ្លូវនៅជិតរង្វង់មូលជំទាវម៉ៅ កំពុងត្រូវបានបន្ទាប ដើម្បីងាយស្រួលធ្វើចរាចរឡើងចុះ”។ លោកបន្តទៀតថា “រាល់ថ្ងៃនេះមិនមែនមានតែផ្លូវក្នុងក្រុងនោះទេដែលសម្រុកសាងសង់ ផ្លូវថ្មីដែលសាងសង់កាត់ព្រៃ តាមឆ្នេរ ក៏ត្រូវបានសម្រុកសាងសង់ដូចគ្នាដើម្បីឱ្យស្រប់ទៅនឹងផែនការដែលបានគ្រោងទុក និងទាន់ពេលវេលាដែលបានកំណត់”។










