ឯកអគ្គរដ្ឋទូតចិន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងវិនិយោគធំបំផុតរបស់ចិននៅកម្ពុជា

0

ដោយ​វុត្ថា

ភ្នំពេញ​៖​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​អះអាង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ជា​គម្រោង​វិនិយោគ​ធំ​បំផុត​តែមួយ​ដោយ​ភាគី​ចិន​ក្នុង​ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន​នេះ​ ​ហើយក៏​ជា​សំណង់​វិស្វកម្ម​សំខាន់​នៃ​ការ​កសាង​គោលនយោបាយ​ ​“​ខ្សែក្រវាត់​ ​និង​ផ្លូវ​”​ ​ហើយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ចំពោះ​គម្រោង​មួយ​នេះ​ដែរ​។​ ​



​លោក​ ​Wang​ ​Wentian​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​អះអាង​បែបនេះ​ ​ខណៈ​លោក​បាន​អញ្ជើញ​ទៅ​ទស្ស​កិច្ច​នៅកន្លែង​ដោយ​ផ្ទាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដើម្បី​សួរសុខទុក្ខ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ប្រតិបត្តិ​ ​និង​ផ្នែកការ​រដ្ឋា​ននៃ​គម្រោង​ដែល​ប្រចាំការ​នៅ​ទីនោះ​ ​និង​ព្រមទាំង​ជូន​របស់របរ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ​នៅមុន​ឪ​កាសចូល​ឆ្នាំ​ចិន​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​។​ ​

​លោក​សង្ឃឹមថា​ ​ផ្នែក​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​នេះ​នៅតែ​ខិតខំ​ជា​បន្ត​ ​ត្រូវតែ​ធានា​ពី​គុណភាព​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​យកចិត្ត​ទុកដាក់​លើ​ការបង្កើត​សុវត្ថិភាព​ ​បំពេញ​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ ​ដើម្បី​ប្រែក្លាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ឲ្យ​ក្លាយជា​មាគ៌ា​នៃ​មិត្តភាព​ ​មាគ៌ា​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​រវាង​ចិន​ ​និង​កម្ពុជា​។​ ​

​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​នៅក្នុង​ពិ​ធិ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​កាលពី​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​បានឱ្យ​ដឹង​ថា​ ​មកដល់​ត្រឹម​ខែធ្នូ​ ​ឆ្នាំ២០១៩នេះ​ ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ដែល​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​កម្ពុជា​នោះ​ ​សម្រេច​បាន​ជាង​ ​៧ភាគរយ​ហើយ​ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។​

​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ​ត្រូវ​បាន​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​និង​លោក​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២២​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​មាន​ប្រវែង​សរុប​ជាង​ ​១៩០គីឡូម៉ែត្រ​។​ ​ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រវែង​ ​៨.៣០គីឡូម៉ែត្រ​ ​ខេត្តកណ្តាល​ ​ប្រវែង​ ​៩.១០គីឡូម៉ែត្រ​ ​ខេត្ត​កំពង់ស្ពឺ​ប្រវែង​ ​៨០.៨០គីឡូម៉ែត្រ​ ​ខេត្តកោះកុង​ប្រវែង​ ​១.៩២គីឡូម៉ែត្រ​ ​និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ ​៨៩.៨៩គីឡូម៉ែត្រ​ ​ដែល​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ​ ​២,០០០លាន​ដុល្លារ​អាមេរិក​ ​ជា​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​CRBC​)​ ​តាមរយៈ​ក្រុមហ៊ុន​ ​Cambodian​ ​PPSHV​ ​Expressway​ ​Co​.​,​ ​Ltd​។​



​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​ជា​ខ្សែ​ផ្លូវ​ទី១​ ​និង​ដំបូង​គេ​បំផុត​ពុំ​ធ្លាប់​មាន​ពីមុន​មក​ ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ ​ហើយ​វា​នឹង​ក្លាយជា​ខ្សែ​ផ្លូវ​នៃ​ប៉ូល​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​ដ៏​មាន​សក្តា​នុ​ពល​របស់​កម្ពុជា​ ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ក្រុង​ព្រះសីហនុ​។​

​ផ្លូវ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើដំណើរ​ ​និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​របស់​កម្ពុជា​ ​សំដៅ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ផលិតផល​ ​ដំណាំ​កសិផល​ ​និង​ផលិត​ផ​លកសិ​-​ឧស្សាហកម្ម​ ​របស់​ក្រុមហ៊ុន​វិនិយោគ​ ​និង​ប្រជាពលរដ្ឋ​មក​ពី​គ្រប់តំបន់​នៅ​ទូទាំង​ប្រទេស​ ​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​តាមរយៈ​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ទឹកជ្រៅ​ប្រកបដោយ​ភាព​ងាយស្រួល​ ​ចំណាយ​តិច​ ​និង​ឆាប់រហ័ស​ ​សំដៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ធុរកិច្ច​ ​និង​ទាញ​យក​អត្ថ​ប្រយោជន៍​ឱ្យ​បាន​ច្រើនលើស​លប់​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ​តំបន់​ ​និង​ពិភពលោក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here