ដោយវុត្ថា
ភ្នំពេញ៖ លោក ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានអនុស្សារណៈយោគយល់គ្នា (MOU) ចាប់ដៃគូរជាមួយអ្នកវិនិយោគិនកូរ៉េក្នុងការវិនិយោគលើការកបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិវិចខ្ចប់នៅកម្ពុជាដើម្បីលក់ចែកចាយនៅក្នុងប្រទេស និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

លោក ឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានឱ្យដឹងបែបនេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនៅក្នុងទឹកដីនៃប្រទេសកូរ៉េចាប់ពីថ្ងៃពុធទី១៥ខែមករារហូតដល់ ថ្ងៃអាទិត្យទី១៩ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ក្នុងគោលបំណងស្វែងរកដៃគូវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មកែច្នៃ។
លោកឧកញ៉ា ម៉ុង ឬទ្ធីបានសរសេរនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០នេះ បន្ថែមថា លទ្ធផលភាគីទាំងពីរបានព្រមព្រាងគ្នាចុះហត្ថលេខាលើMOU ជាជំហានដំបូងនៅក្នុងគំរោងបង្កើតទីក្រុងអប់រំនៅលើទឹកដីនៅកម្ពុជាយើង ដោយផ្តោតលើវិស័យសុខាភិបាលប្រកបដោយគុណភាព និងបរិស្ថានល្អ ដែលផ្តោតទៅលើមនុស្សធម៌ជាចម្បង។
លោកបន្តថា ដើម្បីជាការចាប់ផ្តើមលោកផាកបានអោយខ្ញុំរៀបចំផ្ទៃដីសម្រាប់សាងសង់ផ្ទះ ចែកជូនដល់ប្រជាជនកម្ពុជាយើងដែលខ្វះខាតទីជម្រកចំនួន១៥ខ្នងក្នុងគំរោង៥០ខ្នង មួយខ្នង10m x 12m នៅលើផ្ទៃដី 20m x 20m ដែលអាចរស់នៅបានពីរគ្រួសារ។
លោកបន្ថែមទៀតថា លោកផាក PARK ជួយចេញថវិកាចំនួន១០ខ្នង រូបខ្ញុំចេញ៥ខ្នងរួមទាំងទីតាំងដីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ក្នុងនោះផងដែដើម្បីបង្កើតការងារអោយប្រជាជនយើងបានធ្វើ លើវិស័យកសិកម្ម កសិឧស្សាហកម្មកែច្នៃ យើងនិងរួមគ្នាបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិវិចខ្ចប់លក់ចែកចាយនៅក្នុងប្រទេសនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

តែយ៉ាងណាក៏ដោយ លោកឧកញ៉ា មិនបានឱ្យដឹងពីទំហំថវិកា និងត្រូវការដីក្នុងការបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិវិចខ្ចប់ ព្រមទាំងចាប់ផ្តើមនៅពេលណានោះទេ តែលោកគ្រាន់តែឱ្យដឹងថា ការទទៅទស្សនកិច្ចការងាររបស់លោកឧកញ៉ាក្នុងប្រទេសកូរ៉េខាងត្បូងនេះ ក្នុងគោលបំណងពិភាក្សាអំពីការអភិវឌ្ឍន៍ លើវិស័យវេជ្ជសាស្ត្រ សុខាភិបាលដើម្បីផលប្រយោជន៍សាធារណៈនៅលើទឹកដីនៃកម្ពុជា និងដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពនិងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ៕






