ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាងថា ប្រជាជនកម្ពុជាចំ ណាយប្រាក់ចន្លោះពី៣០០ ទៅ៥០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការធ្វើដំនើរកំសាន្តទៅកាន់បណ្តាប្រទេសនានា។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាជនកម្ពុជាបានចេញដើរកំសាន្តនៅក្រៅប្រទេសជាង១លាននាក់កាលពីឆ្នាំមុន ហើយបើយើងគិតពីការចំណាយជាមធ្យម ក្នុងមនុស្សម្នាក់ចន្លោះពី៣០០ទៅ៥០០ដុល្លារ មានន័យថាចំនួនប្រាក់ចំណាយមានទំហំដូចខាងលើនេះ។លោកបន្តថា ដោយសារជីវភាពប្រជាជនកើនឡើង ទើបពួកគេមានឳកាសដើរកំសាន្តនៅក្រៅប្រទេសកាន់តែច្រើន ព្រោះបើគ្មានលុយ ពួកគេមិនមានឳកាសចេញដើរកំសាន្តនោះទេ។
លោកបន្តថា “ការចេញដើរកំសាន្តនៅក្រៅប្រទេសជារឿងធម្មតា ព្រោះប្រជាជនប្រទេសដទៃ ក៏បានធ្វើដំនើរមកកាន់កម្ពុជាច្រើនផងដែរ”។លោកបន្តថា “វាមិនមែនជាការចាក់បង្ហូរលុយ ឬសេដ្ឋកិច្ចទៅប្រទេសគេនោះទេ ប៉ុន្តែពួកគេក៏មានឳកាសចេញទៅសិក្សារៀនសូត្រ និងបង្កើតឪកាសធ្វើជំនួញផងដែរ”។
ប្រទេសដែលប្រជាជនចេញដើរកំសាន្តច្រើនជាងគេ រួមមានប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី អារ៉ាប់រួម ជប៉ុន និងទៅកាន់បណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោក ធួន ស៊ីណាន បានថ្លែងថា កំនើននៃការដើរចេញកំសាន្តនៅក្រៅប្រទេស ដោយសារមានកត្តាពីរ ទី១ ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទី២ ដោយសារការរីកចម្រើននៃប្រព័ន្ឋបច្ចេកវិទ្យា បណ្តាញសង្គមហ្វេសបុកជាដើម ព្រោះប្រជាជនតែងតែផ្សព្វផ្សាយពីការដើរកំសាន្តរបស់ពួកគេ ដែលជានិន្នាការជម្រុញឲ្យមានការធ្វើតាមគ្នា ស្របពេលដែលកំនើនសេដ្ឋកិច្ចកើនឡើងនៅក្នុងប្រទេស។
លោកបន្តថា “ការដើរកំសាន្តនៅក្រៅប្រទេស មានផលចំណេញច្រើនណាស់ ព្រោះវាអាចឲ្យប្រជាជនរៀនសូត្រ ពីប្រទេសគេទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងពួកគេអាចបង្កើតឳកាសធ្វើជំនួញ ដោយនាំចូលផលិតផលនានាពីបរទេសមកកម្ពុជា នៅពេលពួកគេរកឃើញថា ទីផ្សារកម្ពុជាមិនទាន់មានផលិតផលទាំងនោះ”។