ដោយវុត្ថា
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងរៀបចំឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល២ (ឆ្នេរអតីតអារីស្តុន) ឱ្យ ក្លាយជាតំបន់ទេសចរណ៍ និងជាឆ្នេរដ៏ស្រស់ស្អាតឡើងវិញ សម្រាប់ប្រយោជន៍សាធារណៈ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងបានកាន់តែច្រើនបន្ថែមទៀត ។
រដ្ឋាភិបាលបានដាក់ចេញផែនការមេអភិវឌ្ឍន៍តំបន់ទេសចរណ៍នានានៅទូទាំងប្រទេសជាពិសេសតំបន់ទេសចរណ៍នៅតំបន់ខេត្តមាត់សមុទ្រឱ្យមានស្រស់បំព្រង និងមានភាពទាក់ទាញដើម្បីឆ្លើយតបទៅនឹងការកើនឡើងភ្ញៀវទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ នេះ បានដឹកនាំកម្លាំងចុះរៀបចំ និងរុះរើតូបលក់ដូរឆ្នេរអូរត្រេះ ដើម្បីប្រែក្លាយជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ តបតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីកន្លងទៅវថ្មីៗនេះ ឱ្យមានការរុះរើតូបលក់ដូរនៅជាប់មាត់ឆ្នេរ ដើម្បីរៀបចំឱ្យកាន់តែប្រសើរ។
លោក គួច ចំរើន បន្តថា ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។ កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ ។