ដោយ Donald Lee
ភ្នំពេញៈ ទីក្រុងតូក្យូកំពុងចាប់ផ្តើមបង្កើតភាពកក់ក្តៅ ដល់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំបំផុតពីរនៅអាស៊ី បានប្រយុទ្ធគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយ ដែលនាំឱ្យមានការធ្វើពហិការទំនិញជប៉ុនយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់របស់កូរ៉េ។

លោកនាយករដ្ឋមន្រ្តី លោកស៊ីនហ្សូ អាបេ បានថ្លែងទៅកាន់សុន្ទរកថាមួយកាលពីថ្ងៃច័ន្ទថា “ក្រោមបរិយាកាសសន្តិសុខកាន់តែខ្លាំងឡើង នៅអាស៊ីឦសាន ការទូតជាមួយប្រទេសជិតខាងគឺមានសារៈសំខាន់ណាស់”។
លោកបានបន្ថែមថា “កូរ៉េខាងត្បូង គឺជាប្រទេសជិតខាងសំខាន់បំផុត ដែលជប៉ុនចែករំលែកតម្លៃជាមូលដ្ឋាន និងផលប្រយោជន៍ជាយុទ្ធសាស្ត្រ”។
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មជប៉ុន និងកូរ៉េខាងត្បូងបានជួបប្រជុំគ្នា នៅទីក្រុងតូក្យូកាលពីខែធ្នូ ដើម្បីលុបបំបាត់សង្គ្រាមពាណិជ្ជកម្មមួយ ដែលបានធ្វើឱ្យទីក្រុងតូក្យូរឹតត្បិតការនាំចេញសម្ភារៈបច្ចេកវិទ្យាសំខាន់ៗ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ហើយកូរ៉េធ្វើពហិការអ្វីៗទាំងអស់ដែលផលិតនៅក្នុងប្រទេសជប៉ុន។
កិច្ចពិភាក្សាពាណិជ្ជកម្ម គឺជាកិច្ចពិភាក្សាលើកដំបូង បន្ទាប់ពីក្រុងតូក្យូបានដកកូរ៉េខាងត្បូងចេញពី “បញ្ជីស” នៃដៃគូពាណិជ្ជកម្មអនុគ្រោះ និងបានដាក់កម្រិតការនាំចេញសម្ភារៈសំខាន់ៗ ដែលចាំបាច់សម្រាប់ឧស្សាហកម្មពាក់កណ្តាល និងឧស្សាហកម្មផលិតបន្ទះអេក្រង់។ នេះក៏ជាលើកទី ១ ដែលមន្រ្តីគយបានជួបគ្នាក្នុងរយៈពេលជាង៣ឆ្នាំ។
ទីក្រុងសេអ៊ូលអះអាងថា ការរឹតត្បិតពាណិជ្ជកម្មរបស់ជប៉ុនមិនមែន ដោយសារតែការភ័យខ្លាចថា បច្ចេកវិទ្យានឹងចូលក្នុងកណ្តាប់ដៃរបស់ប្រទេស ដែលបង្កើតអាវុធប្រល័យលោកនោះទេ ប៉ុន្តែជាការសងសឹក នៃសេចក្តីបង្គាប់របស់តុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំមុន ចំពោះសាជីវកម្មជប៉ុន ក្នុងការទូទាត់សំណង សម្រាប់ការចូលរួមរបស់ពួកគេក្នុងពលកម្មទាសករលើជនជាតិកូរ៉េ អំឡុងការកាន់កាប់របស់ខ្លួននៅឆ្នាំ១៩១០ ដល់ ១៩៤៥ ។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េ ផ្ទុយពីសន្ធិសញ្ញាឆ្នាំ១៩៦៥ រវាងប្រទេសទាំងពីរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាមគឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនត្រូវបានជាប់គាំង នៅក្នុងឆ្នាំ២០២០ ខណៈដែលខ្លួននៅតែបន្តកំណើនយឺតនៅចុងឆ្នាំនេះ។ IMF បានទម្លាក់ការព្យាករកំណើនរបស់ជប៉ុន ជាថ្មីម្តងទៀតនៅឆ្នាំនេះដែលធ្លាក់ចុះពីកំនើនពី០,៩ភាគរយ មកនៅត្រឹម០,៨ ភាគរយ។
ក្រុមអ្នកវិភាគបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះ១,៦ភាគរយ ពីត្រីមាសមុន ដោយសារតែភាពតានតឹង នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សេដ្ឋកិច្ចជប៉ុន ពឹងផ្អែកខ្លាំងលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ភ័ស្តុភារសំខាន់ៗនៅជុំវិញពិភពលោក។
សង្គ្រាមពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ធ្វើឱ្យប្រជាជនកូរ៉េភាគច្រើន ធ្វើពហិការទំនិញ និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរ បានឈានដល់កម្រិតទាប ជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុន៕






