ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងវិនិយោគលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគជាង៣លានដុល្លារ នឹងចាប់ដំណើរក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាល ។

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានប្រកាសនៅពេលមុននេះបន្តិចថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយនឹងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ២២៥ កន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសាទរ និងស្វាគមន៍វត្តមានថ្មីនៃក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ដែលសម្រេចយកទឹកដីខេត្តកំពង់ស្ពឺធ្វើជាទីតាំងសម្រាប់វិនិយោគ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅទូទាំងខេត្តកំពង់ស្ពឺទាំងមូល មានរោងចក្រ សហគ្រាសតូចធំ ដែលមានឈ្មោះនៅក្នុងបញ្ជី នីងកំពុងដំណើរការផលិតកម្មមានចំនួនជាង២៧០ទីតាំង ដែលអាចផ្តល់ការងារបានជាង ១៣ម៉ឺននាក់។ លោកបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២០នេះ នៅមានគម្រោងវិនិយោគជាច្រើនកំពុងតែត្រៀមខ្លួនចាប់ដំណើរការ ខណៈពេលដែលបច្ចុប្បន្ននេះគម្រោងមួយចំនួនធំកំពុងតែរត់ការឯកសារច្បាប់ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ៕






