ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike ) នៅតាមគោលដៅចំណតរង់ចាំរថយន្តក្រុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជិះបន្តទៅកាន់គោលដៅបន្ទាប់ទៀត។
ព័ត៌មាននេះត្រូវបានប្រកាសក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញការ JICA និងក្រុមហ៊ុន អូយីកា OYIKA.,Co.,Ltd. ដោយមានវត្តមានលោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០នេះ អំពីការត្រៀមដាក់អោយប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike )។
រថយន្តសាធារណៈនៅរាជធានៅភ្នំពេញបាន និងកំពុងទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ ដោយបច្ចុប្បន្ននេះមានប្រជាពលរដ្ឋ សិស្ស និស្សិតចូលរួមគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ននេះរថយន្តសាធារណៈ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញពង្រីកនៅតាមផ្លូវសំខាន់ៗចំនួន១៣ខ្សែរួចហើយ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នេះគឺជាគម្រោងរបស់ក្រុមហ៊ុនមកពីប្រទេសជប៉ុន សហការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក្នុងការធ្វើការសិក្សាលំអិត និងឱ្យបានច្បាស់លាស់ជាមុនសិន ។
លោកថា យើងមិនទាន់ដឹងទេថានឹងដាក់ឱ្យដំណើរនៅពេលណានោះទេ ជាដំបូងនេះ ខាងក្រុមហ៊ុន គេនឹងសិក្សាលម្អិតជុំវិញគម្រោងនេះ តែបើយើងអនុញ្ញាត ខាងក្រុមហ៊ុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងម៉ូតូអគ្គិសនី ( e-bike ) ចំនួន ៤០ គ្រឿង ជាមុនសិន ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរតាមរថយន្តក្រុងធ្វើការជួលជិះបន្ត នៅតាមចំណតថយន្តក្រុងនីមួយៗ តាមការគិតតម្លៃជាគីឡូម៉ែត្រដែលយើងបានជិះ ។






