ដោយ ប៊ី
ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចំនួន១១,៦ លាននាក់កាលពីឆ្នាំ២០១៩ កើនឡើង១០,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ខណៈអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា កំពុងទទួលបានការវិនិយោគការសាងសង់ និងពង្រីកបន្ថែមដើម្បីទទួលស្វាគមន៍ អ្នកធ្វើដំណើរតាមផ្លូវអាកាសបន្ថែម។

ទោះយ៉ាងណាតួលេខសម្រាប់ត្រីមាសទី៤នៃឆ្នាំនេះ មិនសូវជាល្អប៉ុន្មានទេ ដោយចំនួនអ្នកដំណើរចាប់ពីខែ តុលា ដល់ខែធ្នូ មានការធ្លាក់ចុះ៣,១ភាគរយ បើប្រៀបធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Cambodia Airports ចេញផ្សាយពេលថ្មីៗនេះ។
របាយការណ៍បានឱ្យថា កាលពីឆ្នាំមុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកើនលើសចំនួនអ្នកដំណើរ៦លាននាក់ជាលើកដំបូង ដែលមានកំណើនអ្នកដំណើរ១១,២ ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សំគាល់ជាងនេះទៅទៀត ដោយអ្នកដំណើរបានកើនឡើងដល់ទៅ១៥៨ ភាគរយ។ អាកាសយានដ្ឋានបានស្វាគមន៍អ្នកដំណើរ១,៦ លាននាក់កាលពីឆ្នាំមុន។
ផ្ទុយទៅវិញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការថយចុះចំនួនអ្នកដំនើរ ១២,៣ ភាគរយ ដោយមានតែ៣,៩លាននាក់ប៉ុណ្ណោះ ដែលឆ្លងកាត់អាកាសយានដ្ឋាននេះក្នុងឆ្នាំមុន។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនOCIC ដែលបាននិងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នឹងចេញលិខិតផ្តល់សិទ្ធិដល់អ្នកម៉ៅការសាងសង់ បន្ទាប់ពីបានជ្រើសរើសក្រុមហ៊ុនចំនួន៣នាក់ ក្នុងចំណោមក្រុមហ៊ុនចំនួន៥ ដែលបានដាក់ពាក្យស្នើសុំម៉ៅការសាងសង់ ខណៈដែលគម្រោងប្លង់មេត្រូវបានសម្រេចជាង៦០ភាគរយ។
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមទំហំទុនសរុបចំនួន១៥០០លានដុល្លារ នៅលើផ្ទៃដីសរុប២៦០០ហិកតា ក្រោមការវិនិយោគរួមគ្នារវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន OCIC របស់លោកឧកញ៉ាពុង ឃាវសែ នឹងត្រូវចេញលិខិតផ្តល់សិទ្ធិដល់ក្រុមហ៊ុនអ្នកម៉ៅការសាងសង់នៅត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា មកដល់ពេលនេះ ការពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈការស្ថាបនាពង្រីកកំពុងប្រព្រឹត្តិទៅដោយរលូន។
លោកជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩កន្លងមកថា មកដល់ពេលនេះ ការស្ថាបនាពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានច្រើនហើយ និងអាចអនុញ្ញាតឱ្យយន្តហោះធុនធំអាចចុះចនបាននៅពាក់កណ្តាលឆ្នាំ២០២០នេះ។
កាលពីឆ្នាំ២០១៩ ក៏មានលើកឡើងថា គម្រោងសាងសង់ព្រលានយន្តថ្មី នៅលើទឹកដីខេត្តសៀមរាប ដែលមានតម្លៃវិនិយោគប្រមាណ៩០០លានដុល្លារ កំពុងដំណើរការឆ្ពោះទៅមុខ ប៉ុន្តែសកម្មភាពសាងសង់ហាក់យឺតយ៉ាវបន្តិច។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd ក្នុងទំហំទឹកប្រាក់ជិត៩០០លានដុល្លារ ស្ថិតក្នុងស្រុកសូរនិគម ចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីព្រលានយន្តហោះក្រុងសៀមរាបបច្ចុប្បន្ន។
ការសាងសង់ព្រលានយន្តហោះថ្មីនេះ ក៏ជាផ្នែកមួយនៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គប្រាសាទអង្គរវត្ត រួមនឹងប្រាសាទបាយន្តផងដែរ និងពង្រីកសមត្ថភាពចុះចតយន្តហោះធំៗជាងមុន នៅលើផ្ទៃដីទំហំប្រមាណ៧០០ហិកតា៕







