និន្នាការនៃការវិនិយោគSky Bar នៅតាមអាគារខ្ពស់ៗកំពុងកើនឡើងជាមួយនឹងបែបផែនជីវិតរបស់ប្រជាជនផ្លាស់ប្តូរ

0

ដោយវុត្ថា

ភ្នំពេញៈ ស្ទើរតែគ្រប់អគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញទាំងអស់ បាននឹងកំពុងវិនិយោគលើស្កាយបារ(Sky Bar) ដែលជាកន្លែងបែបប្រណីតមួយ សំរាប់ការកំសាន្ត និងលំហែរអារម្មណ៍ ដើម្បីតម្រូវការភ្ញៀវទេសទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក និងក្រៅស្រុក។

នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodia លោកស្រី Grace Rachny Fong បានប្រាប់គេហទំព័រpropertyarea.asia នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះឱ្យដឹងថា ស្កាយបារនេះពេលបច្ចុប្បន្ននេះ បាននឹងកំពុងទាក់ទាញការវិនិយោគច្រើននៅតាមអគារខ្ពស់ៗនៅក្នុងទីក្រុងភ្នំពេញ។

លោកស្រីបន្តថា “ការវិនិយោគស្កាយបារនេះ ទទួលបានផលចំណេញច្រើន ស្របតាមនិន្នាការ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងបរទេសបរទេស”។ លោកស្រីបន្ថែមថា “ស្កាយបារមិនត្រឹមតែផ្តល់ផលប្រយោជន៍ចំពោះការកម្សាន្ត និងលម្ហែកាយនោះទេបន្ទាប់សម្រាក់ពីការងារ និងភាពស្មុកស្មាញ តែជាកន្លែងទស្សនា ឬកន្លែងមើលទីក្រុង និងអគារខ្ពស់ៗដែលមានភ្លើងព័រណ៌នាពេលរាត្រីនៅតាមដងផ្លូវ និងតាមអគារផ្សេងៗគួរជាទីមោទនៈ និងរំសាយអស់កង្វល់”។

លោកស្រីបន្តទៀតថា Sky Bar ជាប្រភេទទីកន្លែង ដែលគេនិយមអង្គុយទទួល​ទានភដេសជ្ជៈ ឬស្រាបៀរបែបទំនើប ដែលត្រូវបានគេបង្កើតឡើងនៅលើជាន់លំហរអាកាសនៃអគារខ្ពស់ៗ និងបម្រើសេវានៅពេលយប់ ហើយភាគច្រើនត្រូវបានគេបង្កើតឡើងនៅកណ្តាលទីក្រុង និងមានការពេញនិយមនៅទូទាំងសាកលលោក។

នាយកគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោកធួន ស៊ីណាន ធ្លាប់បានឱ្យដឹងដែរថា នៅភ្នំពេញឃើញមានបើកច្រើនទីតាំង ដែលភាគច្រើនមាននៅក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌបឹងកេងកង និងខណ្ឌទួលគោកជាដើម។ អ្នកដែលនិយមទៅកន្លែងប្រភេទនេះ ភាគច្រើនជាយុវវ័យ និងមនុស្សវ័យកណ្តាល ដែលនិយមចូលចិត្តភាពទាន់សម័យ ក្នុងគោលបំណងបន្ធូរអារម្មណ៍ ដែលហត់នឿយពីកិច្ចបំ​ពេ​ញការងារ ក៏ដូចជាមុខជំនួញ ដោយការទទួលទានអាហារ ឬភេសជ្ជៈនានា ជាមួយនឹងការគយគន់មើលទេសភាពទីក្រុងពេលរាត្រី។

លោកបន្តថា“បើទោះជា Sky Bar មានការពេញនិយមគាំទ្រពីមនុស្សជាច្រើន ប៉ុន្តែមិនប្រាកដថា ការវិនិយោគទៅលើវិស័យមួយនេះ សុទ្ធតែអាចទទួលបានភាគជោគជ័យនោះទេ”។ លោកបន្ថែមថា “ការវិនិយោគនៅក្នុងវិស័យនេះ មិនខុសពីការវិនិយោគមុខជំនួញដទៃទៀតនោះទេ សំខាន់គឺការចេះមើលពីបរិយាកាសជុំវិញ ស្ថានភាពទូទៅ”។

លោកធួន ស៊ីណានបន្តទៀតថា អ្នកបង្កើតត្រូវតែមានជំនាញ ទាំងការគ្រប់គ្រង ទាំងការធ្វើទីផ្សារផ្សព្វផ្សាយ បង្កើតសេវាកម្មល្អៗ ទីចំណត ជាពិសេសរសជាតិអាហារ ភេសជ្ជៈ និងការរចនាបរិយាកាសជាដើម។ កក្តាដែលសំខាន់មួយទៀត គឺទីតាំងដែលសមស្រប ស្ថិតនៅតំបន់ទីប្រជុំជនដែលមានកម្រិតជីវភាពល្អប្រសើរ។

លោកសាំង ចន្ធូ សាស្ត្រាចារ្យមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍បានឱ្យដឹងដែរថា អ្នកដែលទៅSky Bar គឺមិនមែនទៅដើម្បីទទួលទានអាហារនោះទេ ប៉ុន្តែគេទៅអង្គុយលេង ឬស្តាប់ភ្លេងបណ្តែតអារម្មណ៍ ជាមួយទិដ្ឋភាពពេលរាត្រី និងស្រូបខ្យល់អាកាសតែប៉ុណ្ណោះ។

លោកបន្តទៀតថា “គុណភាព និងសេវាកម្មរបស់Sky Bar គឺផ្តោតសំខាន់ទៅលើការរៀបចំទីតាំង និងរស់ជាតិភេសជ្ជៈ ជាពិសេសស្រាក្រឡុកជាដើម”។លោកបន្តថា “ បច្ចុប្បន្ន មុខជំនួញប្រភេទនេះ កំពុងតែមានការពេញនិយម ស្របពេលសេដ្ឋកិច្ចមានភាពរីកចម្រើន ដែលមនុស្សអាចរកចំណូលបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here