ដោយស៊ីវ ម៉េង
ភ្នំពេញៈ តើអ្នកមានបំណងវិនិយោគលើដីធ្លីដែរឬទេ? មានប្រាក់ច្រើនកម្រិតណា? គេហទំព័រPropertyarea.asia បាននាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូល ដ្ឋានយកមកគិតពិចារណា និងវិភាគថាគួរវិនិយោគដីធ្លីនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។

ទិញដីក្នុងគោលបំណងអ្វី?
តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់នានា? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKhmer Real Estate និងKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ប្រសិនជាលោក អ្នកចង់ទិញដីដើម្បីសាងសង់ខុនដូ សាងសង់អាគារការិយាល័យ ឬសម្រាប់សាងសង់សណ្ឋាគារ សូមទិញដីនៅក្នុងខ័ណ្ឌចំការមន។
ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញនៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូម៉ែត្រពីទីក្រុង ពួកគេត្រូវរង់ចាំដល់៧ឆ្នាំទើបចំណេញបាន។ បើទិញចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។
ការទិញដីធ្លីជាការវិនិយោគត្រឹមត្រូវ និងមិនត្រឹមត្រូវ
លោកឧកញ៉ាគីម ហ៊ាងបានថ្លែងថា ការវិនិយោគដីធ្លី ជាការវិនិយោគដ៏ត្រឹមត្រូវ ប្រសិនជាលោក អ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាយកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាននិយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថា ការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជាការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងរយៈពេលពីរឬបីឆ្នាំ ពោលគឺត្រូវការពេលវេលា។
តំបន់ណាចំណេញលឿនជាងគេ
ការទិញដីដែលទទួលបានផលចំណេញលឿនជាងគេ គឺទិញនៅក្នុងខ័ណ្ឌសែនសុខ ដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារតំបន់នេះដីនឹងឡើងថ្លៃទ្វេរដងនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។
ការវិនិយោគដីធ្លីមិនសុទ្ឋជាជម្រើសល្អ
ការវិនិយោគលើវិស័យដីធ្លី មិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យសំណង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានថ្លែងថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូលនិវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។
ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។
តើមានលុយអ្នកប៉ុន្មាន?
តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការសម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះ មានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។
ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិតជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយ ដែលកំពុងមានការពេញនិយម និងបង្ហាញពីភាពស៊ីវិល័យ៕







