សម្តេចតេជោជូនពរបងប្អូនខ្មែរខ្សែស្រឡាយចិនក្នុងឪកាសចូលឆ្នាំចិនជិតមកដល់

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានជូនពរបងប្អូនខ្មែរ-ចិន ខណៈនៅសល់តែ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។

សម្តេចបានសរសេរនៅក្នុងហ្វេសបុកផ្លូវការ របស់សម្តេចនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នេះថា មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរ ក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។ សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។

សម្តេចសរសេរបន្តថា តាមធម្មតាអោយតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា ចូលឆ្នាំចិន ស្រវឹងខ្មែរ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សម្តេចបន្ថែមថាសូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ

បុណ្យចូលឆ្នាំចិនដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យនិទាឃរដូវនៅក្នុងប្រទេសចិនសម័យទំនើប ឫក៏ជាពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិចិន ដែលជាពិធីបុណ្យដ៏សំខាន់មួយរបស់ជនជាតិចិនទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២០នេះ ថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី២៥-២៧ ខែមករា និងថ្ងៃសែនចូលឆ្នាំចិនធ្វើឡើងនៅថ្ងៃទី២៤ ខែមករាខាងមុខនេះ

ពិធីបុណ្យចូលឆ្នាំថ្មី មានអាយុកាលរាប់សតវត្សមកហើយ ដោយសារតែជំនឿ និងប្រពៃណីរបស់ជនជាតិចិន ដែលមានតាំងពីយូរលង់ណាស់មកហើយ។

ជាប្រពៃណីពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលានៃការគោរពបូជាព្រះ និងបុព្វបុរស។ បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធនៅក្នុងប្រទេសចិន និងតាមបណ្តាប្រទេសដែលមានប្រជាជនចិនរស់នៅ មានដូចជានៅចិនដីគោក តៃវ៉ាន់ ហុងកុង ម៉ាកាវ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ម៉ូរីស អូស្ត្រាលី ហ្វីលីពីន រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

បុណ្យចូលឆ្នាំចិនត្រូវបានគេចាត់ទុកថា ជាថ្ងៃឈប់សម្រាកដ៏សំខាន់សម្រាប់ជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here