ដោយវុត្ថា
ភ្នំពេញៈ កម្ពុជាកំពុងបន្តដំណើរយ៉ាងស្វាហាប់ តម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ដោយបានកំណត់យកឆ្នាំ២០៣០ ជាឆ្នាំដែលត្រូវសម្រេច ឱ្យបាននូវលទ្ធផលជាសារវ័ន្ធនៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Carren Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ការគំាទ្ររបស់សហភាពអឺរ៉ុបពិតជាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ឈានឆ្ពោះទៅគោលដៅឆ្នាំ ២០៣០ និង ២០៥០ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការដែលកាន់តែរឹងមាំជាងមុន។
លោកឧបនាយករដ្ឋមន្ត្រីថា ក្រៅពីជំនួយសម្រាប់ការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance, ODA) ដែលនៅតែបន្តដើរតួនាទីសំខាន់ចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលមធ្យមខាងមុខនេះ កម្ពុជាត្រូវការជាចាំបាច់នូវពិពិធកម្មសេដ្ឋកិច្ច ជាមួយដៃគូសំខាន់ដូចជាសហភាពអឺរ៉ុប តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ទាក់ទាញវិនិយោគ និងពាណិជ្ជកម្មមកពីសហគមអឺរ៉ុប។
កម្ពុជាកំពុងតែខិតខំ ឲ្យមានការយល់កាន់តែច្បាស់អំពីកម្ពុជា លើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា រៀបចំកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសម្រាប់ការវិនិយោគនៅកម្ពុជាឲ្យកាន់ល្អប្រសើរ សម្រាប់ទាក់ទាញវិនិយោគិនមកពីសហគមអឺរ៉ុប។
ជាមួយគ្នានេះ កម្ពុជាបាននឹងកំពុងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងកម្ពុជា និងអឺរ៉ុប តាមរយៈទេសចរណ៍ បម្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង វិជ្ជាជីវៈ និងការតភ្ជាប់ (Connectivity) ទាំង ផ្នែកទន់ និងផ្នែករូបវន្ត ជាដើម។

លោកស្រី Carren Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំនៅកម្ពុជាបានឱ្យដឹងថា សហភាពអឺរ៉ុបតែងប្រកាន់ជំហរច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការល្អ និងពេញលេញជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា ។
លោកស្រី Carren Moreno បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា និង អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ប្រតិបត្តិការរបស់សហភាពអឺរ៉ុប រហូតទទួលបានជោគជ័យក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។
លោកស្រីបន្តថា សហគមន៍អឺរ៉ុប នឹងបន្តតាំទ្រជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា–សហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅ និងជាយុទ្ធសាស្ត្រថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការដែរសមតាមតម្រូវការជាអាទិភាព ជាក់ស្តែង និងកម្មវិធីអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាបន្តការគាំទ្រដល់កម្មវិធី នៃកិច្ចសហប្រតិបត្តិការដែលកំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program) ការបណ្តុះបណ្តាលធនធានមនុស្សជាដើម៕






