ដោយវុត្ថា
បាត់ដំបង៖ ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ត្រូវបានធ្វើពិធីតភ្ជាប់ជាផ្លូវការ ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានផ្លូវថ្នល់ និងប្រធានគម្រោងផ្លូវជាតិលេខ៥ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធាននាយកដ្ឋានផ្លូវថ្នល់ និងប្រធានគម្រោងផ្លូវជាតិលេខ៥ ពិធីតភ្ជាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ឱ្យដឹងថា ស្ពានតភ្ជាប់ស្ទឹងសង្កែ មានប្រវែង ១៥៧ ម៉ែត្រ ជាស្ពានភ្លេះ មានចំនួន ២ ស្ពាន ដោយស្ពាននីមួយៗ មានទទឹង ប្រមាណជិត ១១ ម៉ែត្រ ដែលជាគម្រោងកំណាត់ផ្លូវជាតិលេខ៥ ។
កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានប្រវែង ៨៦,៧ គីឡូម៉ែត្រ ។ បើតាមការឱ្យដឹងពីក្រសាធារណៈការ និងដឹកជញ្ជូនកាលពីឆ្នាំ ២០១៩ កន្លងមក គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) សម្រេចបានច្រើនហើយ។
គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) នូវទឹកប្រាក់១៩,២០៨លានយេន ស្មើនឹង១៦១.៩០លានដុល្លារ។ បើតាមផែនការគម្រោងនេះ ប្រើរយៈពេល ៣៦ខែ ចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០៕








