ក្រសួងសេដ្ឋកិច្ចនឹងរៀបចំវេទិកាស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ខាងមុខនេះ ស្របពេលសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៧%

0

ដោយ ប៊ី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពី គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ ២០២០ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅ បានស្វែងយល់លំអិត អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០បន្ថែមទៀត ខណៈសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើន ៧ ភាគរយនៅឆ្នាំ ២០២០។

វេទិកាសាធារណៈនេះត្រូវបានរំពឹងទុកថានឹងមានអ្នចូលរួមជាង ២០០០ នាក់ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ និស្សិត និងយុវជន និងគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍របស់ធនគារជាតិនៃកម្ពុជា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣%។

ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផលដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់គាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ការនាំចេញរំពឹងថានឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញ សម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។

ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាបន្តមានកំណើន ដោយសារយន្តការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ ៦ខែ ក្រោយពីការសម្រេច កម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដក ក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែ អាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១% ទៅ ១២,៥% ទៅតាមប្រភេទទំនិញ។

ប៉ុន្តែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុបមកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើន ផងដែរ ជាពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន ២០% នៃការនាំចេញទៅសហភាពអឺរ៉ុប។

កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ និងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម, អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម, និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។

កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគ នៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here