រដ្ឋាភិបាលគ្រោងចាត់វិធានការសំណង់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈណាគ្មានច្បាប់ត្រឹមត្រូវនៅខែក្រោយនេះ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល គ្រោងនឹងចាត់វិធានការលើសំណង់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលកំពុងសាងសង់ដោយគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាព នឹងប្រឈមមុខនឹងការពិន័យ ក្រោយថ្ងៃ ៦ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ។ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពលដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ នេះ ។

អនុលោមមាត្រា៦៦ នៃច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ចែងថា “បុគ្គលណាដែលធ្វើសកម្មភាពផ្នែកដោនស្រ្ទីមដោយគ្មានវិញ្ញាបនបត្របច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល ដូចមានចែងក្នុងមាត្រា៤២ នៃច្បាប់នេះ មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើសកម្មភាពដោនស្រ្ទីម ត្រូវផាកពិន័យជាប្រាក់ដូចខាងក្រោម៖
ក. ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃក្រោម ៨០០ ០០០ ០០០ (ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។

ខ. ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃចាប់ពី ៨០០ ០០០ ០០០ (ប្រាំបីរយលាន) រៀល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួន ១០ ០០០ ០០០ (ដប់លាន) រៀល និងត្រូវផ្អាកសកម្មភាពសាងសង់នានា។
ក្នុងករណីនៅបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល ចំនួនទ្វេដង។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាពលបានអំពាវនាវដល់ម្ចាស់សំណង់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ ដែលកំពុងសាងសង់ដោយពុំទាន់មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួង ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល តាមរយៈមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តដែលស្ថានីយរបស់លោក លោកស្រីស្ថិតនៅ ចាប់ពីកាលបរិច្ឆេទនៃការទទួលសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here