ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើង ៨០០% ដែលនេះអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ជាពិសេសការចាប់ផ្តើមហូរចូលយ៉ាងគំហុក នូវចំនួនអ្នកវិនិយោគបរទេសលើវិស័យមួយនេះ។

-->
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនពនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាង់សង់ អឺបេន វីឡា (Urban Village) កាលពីរសៀលថ្ងៃទី២២ មករា ឆ្នាំ២០២០កន្លងទៅ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញនេះ។
លោកបន្តថា “ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់របស់វិស័យឯកជន គឺជាការរួមចំណែកមួយចក្ខុវិស័យ នៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលទទួលបានការគាំទ្រពីសម្តេច នាយករដ្ឋមន្ត្រី សំដៅការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យមានប្រសិទ្ធភាពនិងនិរន្តរភាព”។
លោកហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រិន ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍សាងសង់ គម្រោងលំនៅឋានទាំងអស់ ចូលរួមយកចិត្តទុកដាក់ខ្ពស់ខាងផ្នែកគ្រប់គ្រងគុណភាព និងសុវត្ថិភាពនៃគម្រោងសាងសង់របស់ខ្លួន ដើម្បីចៀសវាងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ។
លោកឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត ក៏បានធ្វើការកត់សម្គាល់អំពីសក្តានុពល និងភាពទាក់ទាញសំខាន់ នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដូចជាទី១ប្រទេសកម្ពុជាស្ថិតក្នុងចំណោមជម្រើសដ៏ល្អបំផុត សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏លឿន ធ្វើឱ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើងខ្ពស់ គួបផ្សំនឹងស្ថិរភាពនយោបាយដ៏រឹងមាំ ក៏ដូចជាក្របខណ្ឌច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងវិស័យអចលនទ្រព្យ និងសំណង់។
ទី២ ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើង៨០០% ហើយនេះអាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ជាពិសេសការចាប់ ផ្តើមហូរចូលយ៉ាងគំហុគ នូវចំនួនអ្នកវិនិយោគបរទេសលើវិស័យនេះ។

ទី៣ ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ បានធ្វើឱ្យតម្រូវការអចលនទ្រព្យសម្រាប់ការស្នាក់នៅ និងធ្វើពាណិជ្ជកម្មកាន់តែកើនឡើងខ្ពស់ៗ ទៅ ធ្វើឱ្យអ្នកវិនិយោគមានឱកាសចំណេញច្រើន ជាក់ស្តែងប្រាក់ចំណូលបានមកពីការជួលអចលនទ្រព្យជាមធ្យមគឺ ៥.៣៣% ក្នុង១ ឆ្នាំដែលឈរកម្រិតខ្ពស់បំផុត លំដាប់ទី៣ នៅក្នុងទ្វីបអាស៊ី។
ទី៤ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន តម្លៃអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេស ដែលមានតម្លៃនៅទាបសមរម្យបំផុត ដែលជាអំណោយ ផលដល់ការទិញលក់ (តម្លៃនៅជាយរាជធានីភ្នំពេញអាចមានតម្លៃចាប់ពី១០០USD/m2 ហើយនៅកណ្តាលរាជធានីភ្នំពេញ អាចមានតម្លៃខ្ពស់រហូតដល់៥,០០០USD/m2។
លោកBen Li ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អឺបេនហ៊ាប់ ខេមបូឌា បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោង Urban Village Phase II នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃការរស់នៅរបស់សហគមន៍បែបទំនើបនីយកម្ម។ គម្រោងនេះ ជាប្រភេទលំនៅឋានប្រកបដោយផាសុកភាព និងភាពកក់ក្ដៅ ជាកន្លែងធ្វើការដែលមានលក្ខណៈងាយស្រួល និងភាពច្នៃប្រឌិតខ្ពស់ ជាកន្លែងកម្សាន្តដែលអាចផ្សារភ្ជាប់ក្ដីស្រលាញ់ជាមួយគ្នាជារៀងរាល់ថ្ងៃ។ គម្រោងទី២នេះ សាងសង់លើផ្ទៃដីសរុប៧ ហិកតា ដែលមានអគារចំនួន៤ និងមានកម្ពស់៥១ជាន់។

យោងតាមសន្ទស្សន៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការវិនិយោគលើវិស័យសំណង់ក្នុងឆមាសទី១ ឆ្នាំ២០១៩ មានតម្លៃជាង១,៦០០ដុល្លារ។ សក្តានុពលនៃកំណើននេះ នឹងនៅតែបន្តទៅមុខទៀត ជាពិសេសបើពិនិត្យទៅលើតម្រូវការផ្នែក អាផាតមិន ដែលត្រូវព្យាករណ៍ថា ឆ្នាំ២០២០នឹងមានការកើនឡើងទៀតផងដែរ ក្នុងនោះចំណែកទីផ្សាររបស់អាផាតមិន ប្រភេទប្រណិតមាន២៤% និងប្រភេទមធ្យមមាន៤៦% និងតម្លៃទាប មាន៣០%៕