អ្នកជំនាញអាកាសចរណ៍ជប៉ុននឹងបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីអាកាសចរណ៍នៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញអាកាសចរណ៍ជប៉ុន នឹងជួយពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកអាកាសចរណ៍នៅកម្ពុជា ខណៈកំណើននៃតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសកម្ពុជា និងជប៉ុន មានការកើនឡើងគួរឱ្យកត់សម្គាល់។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងកម្ពុជា-ជប៉ុន មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ បានជួបពិភាក្សាការងារសំខាន់ៗមួយចំនួន ជាពិសេសផ្តោតលើការបង្កើនជើងយន្តហោះហើរត្រង់បន្ថែមទៀត ស្របពេលដែលកំណើននៃតម្រូវការដឹកជញ្ជូ​នអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសមានការកើនឡើងខ្ពស់។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីនចាន់ សេរីវត្ថាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ម្សិលមិញ​នេះ លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលកម្ពុជា បានជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងដើម្បីបង្កើនបច្ចេកទេសថ្មីបន្ថែម ក្នុងនោះភាគីជប៉ុន នឹងជួយបណ្តុះបណ្តាលមន្ត្រីអាកាសចរស៊ីវិលកម្ពុជា លើប្រព័ន្ធនាំផ្លូវអាកាសតាមបែបបច្ចេកវិទ្យាថ្មីទំនើប។

លោកបន្តទៀតថា “ដោយសារតែកំណើននៃចំនួនអ្នកដំណើរ រវាងប្រទេសទាំងពីរ ដែលក្នុងនោះរាប់ទាំងភ្ញៀវទេសចរ និងអ្នកជំនួញនានាផងដែរនោះ ជើងហោះហើរត្រង់រវាងប្រទេសទាំង២នឹងត្រូវបានបង្កើន”។ លោកបន្តថា “ក្រុមអ្នកជំនាញរបស់ប្រទេសជប៉ុន នឹងមានការបណ្តុះបណ្តាលដល់មន្ត្រី អាកាសចរណ៍កម្ពុជាបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព ដើម្បីធានាដល់កំណើននៃអ្នកដំណើរទូទៅ”។

ការហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន បច្ចុប្បន្ន គឺមានពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងតូក្យូ និងពីតូក្យូមកកាន់រាជធានីភ្នំពេញ។ នៅក្នុងចំណោមអ្នកដំណើរតាមជើងហោះហើររបស់កម្ពុជា ចំនួនជាង១១លាននាក់នៅក្នុងឆ្នាំ២០១៩ ក្នុងនោះប្រទេសជប៉ុនស្ថិតនៅក្នុងលំដាប់លេខរៀងទី៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here