ដោយ Donald Lee
ភ្នំពេញៈ ក្រសួងហិរញ្ញវត្ថុជប៉ុន (MOF) បានចេញផ្សាយរបាយការណ៍បង្ហាញថា ការនាំចេញរបស់ប្រទេសខ្លួន បានធ្លាក់ចុះជាថ្មីម្តងទៀតនៅក្នុងខែធ្នូ ដែលបានធ្លាក់ចុះដល់៦,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

ការធ្លាក់ចុះនេះ បង្ហាញពីនិន្នាមួយឆ្នាំនៃការធ្លាក់ចុះការនាំចេញ ដែលជាការព្រួយបារម្ភគួរឱ្យព្រួយបារម្ភចាប់តាំងពីឆ្នាំ ២០១៦។ ការនាំចេញរបស់ប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មនេះបានធ្លាក់ចុះ១៣ ខែជាប់ៗគ្នា។ ការធ្លាក់ចុះភាគច្រើនដោយសារតែតម្រូវការផលិតកម្ម ខាងក្រៅខ្សោយសម្រាប់រថយន្តគ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនរ៉ែ។
លើសពីនេះទៅទៀត ទំនិញដែលដឹកជញ្ជូនទៅអាមេរិកបានធ្លាក់ចុះ១៥ ភាគរយនៅក្នុងខែធ្នូ កន្លងមកនេះបើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ។
របាយការណ៍MOFបានបង្ហាញ ថាការនាំចេញទៅកាន់អាស៊ីបានធ្លាក់ចុះ៣,៦ ភាគរយក្នុងឆ្នាំ២០១៩។
ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជប៉ុនក្នុងឆ្នាំ២០១៩ ដោយសារតែការពឹងផ្អែកលើពាណិជ្ជកម្ម។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅចុងឆ្នាំមុន បានបញ្ជាក់ថា ភាពតានតឹងពាណិជ្ជកម្មពិភពលោក ដូចជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានចាប់ផ្តើមប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន។
មូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា “ភាពតានតឹងពាណិជ្ជកម្មសកល ដែលកំពុងបន្ត និងការកើនឡើងបន្ថែមទៀត អាចកាត់បន្ថយការនាំចេញការវិនិយោគ និងកំណើនសុទ្ធរបស់ជប៉ុន រួមទាំងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលតាមរយៈខ្សែស ង្វាក់តម្លៃពិភពលោក និងការជះឥទ្ធិពលមិនល្អដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន”។
ក្រុមអ្នកវិភាគបានណែនាំឱ្យរដ្ឋាភិបាលជប៉ុន កាត់បន្ថយអត្រាការប្រាក់ដើម្បីរក្សាសេដ្ឋកិច្ចឱ្យរីកចម្រើន ខណៈដែលខ្សែសង្វាក់តម្លៃពិភពលោក នៅអាស៊ីចាប់ផ្តើមដំណើរជាមួយភាពធូរស្រាល និងធ្វើឱ្យប្រសើរឡើងវិញ។

មូលនិធិរូបិយវត្ថុអន្ដរជាតិ ក៏បានណែនាំដល់ធនាគារជប៉ុន ឱ្យធ្វើការកែសម្រួលអត្រាការប្រាក់ឱ្យសមស្រប ទៅនឹងធនាគារកណ្តាលអាស៊ីផ្សេងទៀត ដែលកំពុងមានប្រតិកម្ម ទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អាស៊ី។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិបានឱ្យដឹងថា “ជំហរគោលនយោបាយរូបិយវត្ថុ មិនមានការផ្លាស់ប្តូរច្រើនទេចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែសម្ពាធកំពុងកើនឡើង ដើម្បីផ្តល់នូវសកម្មភាពជំរុញបន្ថែមទៀត ស្របតាមធនាគារកណ្តាលធំៗដទៃទៀត”។
នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិលោកស្រី Kristalina Georgieva បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ កាលពីខែវិច្ឆិកា ថា “គោលនយោបាយសារពើពន្ធ គួរតែគាំទ្រដើម្បីការពារកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងជំរុញសន្ទុះអតិផរណា”៕






