គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤កំពុងលើកកំពស់មុខមាត់ខេត្តបាត់ដំបង

0

ដោយវុត្ថា

ខេត្តបាត់ដំបងៈ ខេត្តបាត់ដំបងគឺជាខេត្តមួយរបស់កម្ពុជា ដែលមានសក្តានុពលវិយោគខ្ពស់លើគ្រប់វិស័យ មានទាំងកសិកម្ម  វិនិយោគ ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារលក់រាយ និងបោះដុំ (ទំនិញក្នុងតំបន់ ឬនាំចូល) សម្រាប់ចែកចាយបន្ត និងមានប្រជាពលរដ្ឋច្រើន។

ដោយមើលឃើញពីសក្តានុពលខ្លាំងបែបនេះ អជ្ញាធរខេត្តក៏ដូចជាអ្នកពាក់ព័ន្ធបាននឹងកំពុងស្តារ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំជាច្រើន ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកឱ្យងាមកចាប់អារម្មណ៍ មកវិនិយោគនៅក្នុងខេត្តប៉ែកខាងលិចនៃប្រទេសកម្ពុជាមួយនេះ ។

១) គម្រោងវិនិយោគព្រលានយន្តហោះខ្នាតតូច

វិនិយោគិន និងជាអ្នកបើកយន្តហោះ (Pilot) ជនជាជាតិបារាំង បង្ហាញបំណងមកវិនិយោគ លើវិស័យអាកាសចរនៅខេត្តបាត់ដំបង ខណៈខេត្តមួយនេះបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ គម្រោងវិនិយាគនេះ លើវិស័យអាកាសចរដឹកអ្នដំណើរដោយការហោះហើរជើងក្នុងស្រុក និងយន្តហោះប្រភេទខ្នាតតូច។ គំរោងនេះក៏ជាការជួយជំរុញឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍មកកាន់តែច្រើនក្នុងខេត្តបាត់ដំបង។

២)គម្រោងកំណាត់ផ្លូវជាតិលេខ ៥ (បាត់ដំបង-សិរីសោភ័ណ្ឌ)

គម្រោងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ដែលមានប្រវែង៨៦,គីឡូម៉ែត្រ ។ បើតាមការឱ្យដឹងពីក្រសាធារណៈការ និងដឹកជញ្ជូនកាលពីឆ្នាំ២០១៩កន្លងមក គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) សម្រេចបានច្រើនហើយ។

ដោយឡែក ស្ពានស្ទឹងសង្កែ ដែលជាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ្ឌ) ត្រូវបានធ្វើពិធីតភ្ជាប់ជាផ្លូវការ។

គម្រោងនេះ ទទួលបានឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) នូវទឹកប្រាក់១៩,២០៨លានយេន ស្មើនឹង១៦១.៩០លានដុល្លារ។ បើតាមផែនការគម្រោងនេះ ប្រើរយៈពេល៣៦ខែ ចាប់ផ្ដើមសាងសង់ពីខែកុម្ភៈ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០។


៣)គម្រោងសាងសង់ស្ពានថ្មីជំនួសស្ពានចាស់

គម្រោងសាងសង់ស្ពានថ្មថ្មី ជំនួសស្ពានចាស់មានប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។

៤) គំរោងស្ថាបនាផ្លូវជាតិលេខ១០ចេញពីសំឡូតទៅកាន់ខេត្តកោះកុង

គំរោងកសាហដ្ឋារចនាសម្ព័ន្ឋធំចំ​នួន១ទៀត គឺផ្លូវជាតិលខ១០បាននិងកំពុងសិក្សាដោយរដ្ឋាភិបាល តាមរយៈជំនួយបច្ចេកទេសពីប្រទេសចិន ហើយនិងទទួលហិរញ្ញប្បទាន​សប្បទានពីប្រទេសចិន។

ផ្លូវជាតិលេខ១០ ដែលមានប្រវែងជិត២០០គីឡូម៉ែត្រនេះ នឹងសាងសង់ចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តពោធិសាត់ និងភ្ជាប់ទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនកសិផលពីខេត្តភាគពាយ័ព្យទៅ​កាន់ខេត្តកោះកុង ដែលមានកំពង់់ផែទឹកជ្រៅ អាចដឹកជញ្ជូនទៅដល់ប្រទេសចិនដោយផ្ទាល់។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ ខេត្តមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិន និងខេត្តក្រុងមកពីប្រទេសក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍លើកគម្រោងជាច្រើនរួមរោងចក្រ វិស័យកសិកម្ម ទេសចរណ៍ និង សហគ្រាសផ្សេងទៀត។

ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានខេត្ត និងក្រុងជាច្រើនរួមមានមកពីប្រទេសកូរ៉េ បារាំង សង្ហបុរី សាធារណៈរដ្ឋឆែក ប៉ូញឡូញ ជប៉ុន និងចិនជាដើមបានចាប់អារម្មណ៍លើសក្តានុពលវិនិយោគលើខេត្តមួយនេះ ដោយមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងការអភិវឌ្ឍន៍៕


LEAVE A REPLY

Please enter your comment!
Please enter your name here