ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិចារណាវិនិយោគលើវិស័យរ៉ែ និងប្រេងកាត ខណៈកម្ពុជាមានដែនសមុទ្រចំនួន៤ប្លុក សម្រាប់ជាឱកាសវិនិយោគដល់ក្រុមហ៊ុនអាល្លឺម៉ង់ដែលមានគម្រោងចង់វិនិយោគលើវិស័យប្រេងនិងឧស្ម័ន។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានស្នើបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ដោយបានលើកឡើងអំពីការវិវឌ្ឍន៍នៃវិស័យថាមពលនៅកម្ពុជា ដែលកន្លងមករដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណង ក៏ដូចជាកម្ចីក្នុងការអភិវឌ្ឍវិស័យថាមពល ពិសេសវិស័យថាមពលអគ្គិសនីជនបទ។
លោក ស៊ុយ សែម បន្តថា ចំពោះវិស័យរ៉ែវិញ អាល្លឺម៉ង់មានអ្នកជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ព្រោះនៅប្រទេសអាល្លឺម៉ង់ មានក្រុមហ៊ុនជាច្រើនវិនិយោគនៅលើវិនិយោគនេះ ចំពោះនៅកម្ពុជាវិញ បច្ចុប្បន្នក៏មានក្រុមហ៊ុនអាល្លឺម៉ង់ ចង់បន្តពិនិត្យលទ្ធភាពក្នុងការវិនិយោគប្រភេទរ៉ែដ៏ទៀតផងដែរ ជាពិសេសរ៉ែលោហៈនៅភូមិភាគឥសាន្តជាដើម ខណៈមានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន កំពុងបានវិនិយោគនៅប្រទេសឡាវ ដែលជាប្រទេសនៅជាប់តំបន់គ្នា។
ជាមួយគគ្នានេះ លោក រដ្ឋមន្ត្រី ស្នើតាមរយៈ លោក ឯកអគ្គរដ្ឋទូត ជួយផ្សព្វផ្សាយ និងគៀងគរ ដល់បណ្តាក្រុមហ៊ុននៅប្រទេសអាល្លឺម៉ង់ ងាកមកចាបអារម្មណ៍វិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា ខណៈកម្ពុជាមាននៅសល់តំបន់ប្រេងកាត និងឧស្ម័នក្នុងដែនទឹកចំនួន ៤ ប្លុក និងប្លុកដែនគោកផ្សេងៗទៀតផងដែរ។

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លើកឡើងថា ពាក់ព័ន្ធប្រេងកាត នាពេលកន្លងមកនេះ មានក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើន បានជួបប្រឈមនិងបញ្ហាការស្វែងរុករកប្រេងកាតនៅដែនសមុទ្រ ដែលមាននៅក្នុងដែនជម្លោះប្រទេសវៀតណាម ជាមួយប្រទេសចិន។
លោកបន្តថា ចំណែកនៅកម្ពុជា លោកថា នឹងខិតខំប្រឹងប្រែងជួយគៀងគរ រកអ្នកវិនិយោគមកបន្តាក់ទុននៅកម្ពុជាបន្ថែមទៀត ក្នុងនោះនៅពេលមានអ្នកវិនិយោគមកពីប្រទេសអាល្លឺម៉ង់ និងបានស្នើឱ្យភាគីកម្ពុជាជួយបន្តកិច្ចសហការឲ្យបានល្អ ដើម្បីជម្រុញភាពជោគជ័យនៅគ្រប់គម្រោងវិនិយោគទាំងអស់នៅកម្ពុជា៕







