រ៉ូម៉ានីនឹងដឹកនាំធុរជនខ្លួនស្វែងរកឪកាសវិនិយោគជាមួយធុរជនកម្ពុជានាពេលខាងមុខ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនិងសហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និង ឧស្ម័ន ជាដើម។

នេះ បើតាមការឱ្យដឹងពីលោកបណ្ឌិត Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម នៅក្នុងជំនួបពិភាក្សាការជាមួយលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ២៣ ខែមករាម្សិលមិញនេះ នៅសភាពាណិជ្ជកម្មកម្ពុជា។

លោកបណ្ឌិត Emil Ghitulescu ឯកអគ្គរដ្ឋទូតប្រទេសរ៉ូម៉ានីប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាមឱ្យដឹងថា គោលបំណងនៃជំនួបនេះធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចជាទំហំពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសកម្ពុជា និងរ៉ូម៉ានី។

លោកបន្តថា ទន្ទឹមនឹងនេះ នាខែមេសាខាងមុខនេះ ប្រទេសរ៉ូម៉ានី នឹងមានការរៀបចំពិព័ណ៌ពាណិជ្ជកម្មនៅប្រទេសវៀតណាម បន្ទាប់ពីពិព័ណ៌នេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរ៉ូម៉ានី មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា។

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត Emil Ghitulescu។ ឧកញ៉ា អគ្គនាយក ក៏បានស្នើអោយប្រទេសរ៉ូម៉ានី សហការការវិនិយោគជាមួយធុរជនកម្ពុជា លើវិស័យជាច្រើនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម ប្រេង និង ឧស្ម័ន ជាដើម។

សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មនិងឧស្សាហកម្មរ៉ូម៉ានី នាទីក្រុងប៊ូគូរ៉េស ប្រទេសរ៉ូម៉ានី៕

LEAVE A REPLY

Please enter your comment!
Please enter your name here