ដោយ ៖ រ៉ាណេត
មណ្ឌលគីរី ៖ ជាមួយនឹងគម្រោងផែនការនៃការអភិវឌ្ឍធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពិពេលកន្លងទៅ រួមជាមួយនឹងធនធានដែលមានស្រាប់អំណោយផលដល់វិស័យទេសចរណ៍ផងនោះ បានធ្វើឱ្យខេត្តមណ្ឌលគីរី ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគជាច្រើនរហូតធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងស្ទើរទ្វេដងបើប្រៀបទៅនឹងឆ្នាំកន្លងទៅ។

បច្ចុប្បន្ននេះ សម្រាប់ចរន្តនៃការទិញ-លក់វិស័យដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី ត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះអះអាងបញ្ជាក់ថា កំពុងតែមានសកម្មភាពមិនចាញ់ខេត្តមួយចំនួនដែលស្ថិតនៅជាប់តំបន់ភ្នំ និងសមុទ្រនោះទេ ប៉ុន្តែទាស់ត្រង់ថា ការទិញ-លក់ គឺមានទំហំធំ ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្ម និងតំបន់លំនៅដ្ឋានបែបលំហែរកាយច្រើនជាងតំបន់ពាណិជ្ជកម្ម។
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា បច្ចុប្បន្ននេះចំពោះការទិញ-លក់អចលនទ្រព្យ ជាពិសេសការវិនិយោគលើវិស័យដីធ្លីគឺមានសកម្មភាពជាងឆ្នាំមុន ហើយតម្លៃក៏មានការកើនឡើងផងដែរ ។ លោកស្រីបានបញ្ជាក់ថា “មណ្ឌលគីរីជាខេត្តមួយដ៏ល្អរបស់កម្ពុជាលើវិស័យទេសចរណ៍ធម្មជាតិខុសពីខេត្តដទៃទៀត ជាពិសេស ក្រោយពេលដែលរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍធំៗនៅក្នុងខេត្តមួយនេះ ដូចជាគម្រោងសាងសង់ព្រលានយន្តហោះ រួមជាមនឹងការបង្កើតគណកម្មការអន្តរក្រសួង សិក្សាពីលទ្ធភាពរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍នៅទូទាំងខេត្ត វាកាន់តែធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញខ្លាំង ហើយក៏ជំរុញឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកផងដែរ”។
លោកស្រីបានបន្តទៀតថា “ជាធម្មតានៅពេលដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន កំណើនសេដ្ឋកិច្ចក្នុងតំបន់ក៏កាន់តែល្អប្រសើរ ដែលធ្វើឱ្យប្រជាជនលទ្ធភាពធូរធារ។ ដោយឡែកជាមួយនឹងវត្តមាននៃព្រលានយន្តហោះ រួមនឹងគម្រោងអភិវឌ្ឍតំបន់មួយចំនួនជាទីកម្សាន្តបែបធម្មជាតិ វានឹងធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញ និងអភិវឌ្ឍន៍លឿន ដែលអាចគៀងគរនូវចំនួនភ្ញៀវទេសចរ ក៏ដូចជាចំនួនអ្នកវិនិយោគទៅកាន់ខេត្តនេះកាន់តែច្រើន។ ដោយឡែកចំពោះតម្លៃដីដែលមានវិសាលភាពសម្រាប់អភិវឌ្ឍជាតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ និងបង្កើតជាតំបន់កសិឧ្សាហកម្ម បានកើនឡើងស្ទើរតែគុណនឹង២ដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ”។ អ្នកស្រីបញ្ជាក់ថា “ចំពោះតម្លៃដី វាមិនដូចគ្នានោះទេ ដែលអាស្រ័យទៅតាមតំបន់ដែមានតម្រូវការ ទំហំ និងស្ថានភាពរបស់ដី ប៉ុន្តែទីតាំងដែលមានសក្ដានុពល គឺស្ថិតនៅតំបន់ភ្នំ តំបន់ជ្រោះ និងមានស្ទឹងតូចធំ ឆ្លងកាត់”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថាកាលពីចុងសប្ដាហ៍មុននេះថា សម្រាប់ខេត្តមណ្ឌលគីរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សម្រេចឱ្យបង្កើតគណៈកម្មការអន្តរក្រសួង សិក្សាពីលទ្ធភាពក្នុងការរៀបចំផែនការមេសម្រាប់ធ្វើការអភិវឌ្ឍដែលផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ប្រកបដោយចីយរភាព និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល៕






