ដោយវុត្ថា
ភ្នំពេញ៖ កម្ពុជានាំចេញ ទឹកប្រាក់កើនឡើងចំនួន ២៦៨៨លានដុល្លារអាមេរិក ពីតំបន់សេដ្ឋកិច្ចពិសេសមានទំហំដែលមានកំណើនប្រមាណជា២៧ភាគរយធៀបនឹងឆ្នាំ២០១៨។ នេះ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងសប្តាហ៍កន្លងមកនេះ។

របាយការណ៍ដដែលបន្តថា គិតត្រឹមឆ្នាំ២០១៩ កន្លងទៅនេះកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥៤តំបន់ ក្នុងនោះតំបន់មាន អនុក្រឹត្យចំនួន ៣៥តំបន់ ដែលមានរដ្ឋបាលតំបន់បំពេញការងារជាអចិន្រ្តៃយ៍សរុប១៨តំបន់ មានក្រុមហ៊ុន វិនិយោគចំនួន ៤៦៥ ក្រុមហ៊ុន និងមានកម្មករកំពុងបម្រើការងារចំនួន១២៥,០៩៤នាក់។
ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលមានទីតាំងក្នុងខណ្ឌកំបូលលើផ្ទៃដី៣៥៣ហិចតា មានក្រុមហ៊ុនវិនិយោគចំនួន១២១ក្រុមហ៊ុន និងប្រើប្រាស់ កម្លាំងពលកម្មប្រមាណជា២១,៧១៧នាក់។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីចុះពិនិត្យមើលពីស្ថាន ភាពវិនិយោគ និងពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពេលថ្មីៗនេះដែរបានសម្តែងនូវការអរគុណចំពោះរាល់ដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលរួមមានក្រុមហ៊ុនមកពីប្រទេសថៃ វៀតណាម ចិន ជប៉ុន ប៊ែលហ្ស៊ិក ហុងកុង ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក និងហ្វីលីពីនជាដើម។

លោកថា ការដំណើរការរបស់ បណ្តាក្រុមហ៊ុនទាំងនេះ គឺជាការផ្តល់ការងារជូនពលរដ្ឋកម្ពុជាផង និងជាការចូលរួមចំណែកដល់ការអភិវឌ្ឍខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផង។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចជាច្រើន នៅតាមបណ្តាខេត្ត-ក្រុង ដែលមានសក្តាដានុពលសេដ្ឋកិច្ច និងការដឹកជញ្ជូន ក្នុងគោលបំណងលើកទឹកចិត្តពន្ធ និងអាករដល់អ្នកវិនិយោគក្នុងតំបន់នេះ។

បន្ថែមពីនេះ រដ្ឋាភិបាលក៏បានលើកទឹកចិត្តលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្ម ក៏បត្រូវបានសម្រេច ផ្តល់ជូនដល់អ្នកវិនិយោគក្នុងតំបន់តាមសំណូមពរ និងគោលការណ៍នៃច្បាប់ ដោយសាមីអ្នកវិនិយោគ ក្នុងតំបន់នោះ ត្រូវរៀបចំបញ្ជីសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្មដែលត្រូវនាំចូល ទាំងនោះ ដាក់ជូនរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពិនិត្យដែលនឹងត្រូវផ្តល់ជូននៅនឹងកន្លែង ហើយរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេសគ្រាន់តែរាយការណ៍ជូនមក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងស្ថាប័នគ្រប់គ្រង ដើម្បីជ្រាបជាព័ត៌មានប៉ុណ្ណោះ។
សិទ្ធិដែលត្រូវបានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធនឹងសម្រេចជូនអ្នកវិនិយោគក្នុងតំបន់ នៅក្នុង វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលនឹងត្រូវចេញជូនអ្នកវិនិយោគក្នុងតំបន់ ស្របតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន៕








