ដោយ ប៊ី
ភ្នំពេញៈ សេដ្ឋវិទូបានឱ្យដឹងថា ដោយមានភាពមិនប្រាកដប្រជា និងការប្រជែងគ្នាកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសមហាអំណាចនានា នៅលើពិភពលោកបណ្តាប្រទេសអាស៊ាន ចាំបាច់ត្រូវពឹងផ្អែកលើឧបករណ៍របស់ខ្លួន ដើម្បីជំរុញកំណើននៅឆ្នាំនេះ។

ពួកគេបាននិយាយថា ជាមួយនឹងកំណើនសេដ្ឋកិច្ចពិភពលោក ទាបជាងការរំពឹងទុកនៅឆ្នាំនេះ ទស្សនវិស័យរបស់អាស៊ាន នឹងពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន ក្នុងការជំរុញតម្រូវការក្នុងស្រុក។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនHSBC នាពេលថ្មីៗនេះបានបង្ហាញថា តំបន់នេះមានសំណាងណាស់ ដែលចាប់ផ្តើមវដ្តវិនិយោគថ្មី ដែលដឹកនាំដោយការកើនឡើងនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
កំណើនគួរតែប្រសើរឡើងនៅឆ្នាំ ២០២០ ប៉ុន្តែការធ្វើកំណែទម្រង់សំខាន់ៗនៅឆ្នាំនេះ គឺចាំបាច់សម្រាប់ទ្រទ្រង់កំណើននេះក្នុងរយៈពេលមួយទសវត្សរ៍នេះ។
កាលពីឆ្នាំមុនបានបញ្ចប់ការកត់សំគាល់សុទិដ្ឋិនិយម ចំពេលទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិនមានការធ្លាក់ចុះ ហើយធ្វើឱ្យប្រសើរឡើងនូវទិន្នន័យសេដ្ឋកិច្ចសកល ប៉ុន្តែសុទិដ្ឋិនិយមនេះអាចរលាយបាត់។
កំណើនសេដ្ឋកិច្ចសកលអាចនឹងថយចុះ ដែលបណ្តាលមកពីសកម្មភាពខ្សោយនៅក្នុងប្រទេសចិន និងតំបន់ចាយប្រាក់អឺរ៉ូ ដោយមិននិយាយពីហានិភ័យភូមិសាស្ត្រនយោបាយទេ។
អាស៊ាន ដែលមានទីតាំងស្ថិតនៅកណ្តាលតំបន់ដ៏ធំ ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក មានទាំងឱកាស និងបញ្ហាប្រឈម។

ដោយមានប្រជាជនជាង៦៤២លាននាក់ និងមានផ្ទៃដីជាង១,៧លានគីឡូម៉ែត្រការ៉េ អាស៊ានតំណាងឱ្យទីផ្សារមួយដែលមានសក្តានុពលដ៏ធំធេង សេដ្ឋកិច្ចរស់រវើក និងជាចំណុចលេចធ្លោនៃសេដ្ឋកិច្ចពិភពលោក។
សមាជិកអាស៊ាន ក៏បានខិតខំផងដែរសម្រាប់លើកកំពស់ថ្មី ដោយទទួលបានអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មជំនាន់៤ ដោយទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យា AI និងមនុស្សយន្តដែលមានបច្ចេកវិទ្យាចុងក្រោយ។
ទោះយ៉ាងណា ការកើនឡើងនៃការគាំពារនិយម និងការប៉ះពាល់លើពាណិជ្ជកម្មក្នុងចំណោមមហាអំណាចកំពុងបង្កបញ្ហាប្រឈម និងរារាំងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញបាននិយាយថា ទន្ទឹមនឹងនេះភាពខុសគ្នា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក និងការទាមទារឱ្យមានសមាហរណកម្មស៊ីជម្រៅ នៅក្នុងដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍តម្រូវឱ្យមានគោលនយោបាយសេដ្ឋកិច្ចសមស្រប។
អាស៊ានត្រូវពង្រីកឱកាសរបស់ខ្លួនឱ្យបានច្រើនបំផុត និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីរក្សាកំណើនប្រកបដោយចីរភាព។
ដើម្បីតស៊ូ និងឆ្លើយតបទៅនឹងភាពវឹកវរនៅក្នុងតំបន់ និងពិភពលោក អាស៊ានចាំបាច់ត្រូវរក្សាសាមគ្គីភាព និងឯកភាពជំរុញភាពធន់នៃសេដ្ឋកិច្ច ដើម្បីជំរុញការឆ្លើយតបរបស់ខ្លួនចំពោះបញ្ហាប្រឈម ដែលកំពុងកើតឡើង ជំរុញការបង្កើតថ្មី និងធ្វើឱ្យមានភាពជឿនលឿនទៅមុខ។
លោកTim Evans នាយកប្រតិបត្តិក្រុមហ៊ុន HSBC Viet Nam បានមានប្រសាសន៍ថា តំបន់នេះទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច មិនគួរឱ្យជឿក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។
លោកបានបន្ថែមថា “ទោះជាយ៉ាងនេះក្តី តំបន់នេះប្រឈមនឹងហានិភ័យនៃកំនើនសេដ្ឋកិច្ចយឺត ហើយគន្លឹះសំខាន់គឺថា តើអ្នកធ្វើគោលនយោបាយបន្តកសាងការតភ្ជាប់កាន់តែច្រើនឡើងថែមទៀតនៅក្នុងប្លុកពាណិជ្ជកម្ម”។

ការស្រាវជ្រាវរបស់ក្រុមហ៊ុន HSBC បង្ហាញថា ការរួមចំណែករបស់អាស៊ីអាគ្នេយ៍ចំពោះផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក អាចនឹងកើនឡើងដល់៨ភាគរយ ប្រសិនបើមានការធ្វើកំណែទម្រង់។
យោងតាមរបាយការណ៍ វាមានសារៈសំខាន់ ក្នុងការជំរុញតំបន់ដែលមានទំនាក់ទំនងគ្នាកាន់តែច្រើន តាមរយៈការកាត់ផ្តាច់របាំងពាណិជ្ជកម្ម ការលើកលែងពន្ធ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ខណៈពន្ធគយភាគច្រើន ត្រូវបានលុបចោលនៅទូទាំងអាស៊ីអាគ្នេយ៍ ឧបសគ្គ ពន្ធពាណិជ្ជកម្មចំនួនជាង៦០០០ ត្រូវបានលេចឡើងនៅក្នុងតំបន់នេះ។
លោក Evan បានឱ្យដឹងថា “តំបន់នេះទទួលបានជោគជ័យក្នុងការដកពន្ធគយផ្លូវការទាំងអស់។ ទោះយ៉ាងណា យើងកំពុងមើលឃើញការលេចចេញនូវរបាំងពាណិជ្ជកម្ម “ក្រោមបន្ទាត់” ជំនួសវិញ។
លោកបានបន្តថា “ទាំងនេះអាចប៉ះពាល់ដល់សមត្ថភាព ក្នុងតំបន់ក្នុងការទាក់ទាញការវិនិយោគអន្តរជាតិបន្ថែមទៀត ជាពិសេសនៅក្នុងតំប ន់ដែលជាប់ទាក់ទងនឹងការកើនឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់ ប្រសិនបើមិនមានការយកចិត្តទុកដាក់”។
ការថយចុះនៃឧបសគ្គទាំងនេះ គឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលដឹកនាំដោយអាស៊ាន ដែលរួមមាន៣០ភាគរយ នៃចំនួនប្រជាជនពិភពលោកនិង២៩ភាគរយ នៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខានៅដើមឆ្នាំនេះ៕ VNS







