កម្ពុជានឹងបើកកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាទេសចរណ៍ធ្លាក់ចុះ ដោយសារមេរោគកូរ៉ូណា

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍ នឹងបើកកិច្ចប្រជុំបន្ទាន់មួយថ្ងៃស្អែកនេះ ជាមួយភាគីពាក់ពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ដើម្បីដោះស្រាយវិបត្តិនៃការធ្លាក់ចុះភ្ញៀវទេស​ចរណ៍មកលេងកម្សាន្តកម្ពុជា ដោយសារការព្រួយបារម្ភលើការរាលដាល ពីជំងីផ្លូវដង្ហើមប្រភេទថ្មី«កូរ៉ូណាវីរុស»។


លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹង ក្រោយពីចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីពេលថ្មីៗនេះថា នៅថ្ងៃទី២៩ ខែមករា ស្អែកនេះ លោកនឹងដឹកនាំកិច្ចប្រជុំការងារធំមួយជាមួយផ្នែកពាក់ព័ន្ធលើការងារនេះ។

លោកថា  “ការកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនបន្ទាន់នេះ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុក ឱ្យបានកាន់តែខ្លាំងថែមទៀត ខណៈកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងីផ្លូវដង្ហើមប្រភេទថ្មីនេះ និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នា ទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺSARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣”។

លោកថោង ខុនបានបន្តថា ការងារដូចនេះកម្ពុជាក៏ធ្លាប់ជួបប្រទះ ហើយបានរួមគ្នាឆ្លងកាត់រួចហើយ។ ចំពោះមុខមុនបង្អស់ ការចាំបាច់សំខាន់បំផុត គឺត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ការរីករាលដាលនៃជំងឺដ៏សាហាវនេះឱ្យខាងតែបាន។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបន្តថា ការជំរុញចលនាទេសចរណ៍ក្នុងប្រ​ទេសនេះ គឺជាវិធានការមួយដ៏សំខាន់ ដែលអង្គការទេសចរណ៍ពិភពលោក ទទួលស្គាល់ ក្នុងពេល ដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុក នឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានសម្តែងការព្រួយបារម្ភ នៅពេលមានបញ្ហាកើតឡើងនូវជំងឺផ្លូវដង្ហើមប្រភេទថ្មី«កូរ៉ូណាវីរុស» កើតឡើងដែលធ្វើឱ្យវិស័យទេសចរណ៍ បង្កឱ្យមានបញ្ហានិងផលប៉ះពាល់ច្រើនទូទាំងតំបន់អាស៊ី មិនថាប្រទេសកម្ពុជានោះទេ ដែលទាមទាឱ្យមានការដោះស្រាយស្រមស្របណាមួយ និងទាន់ពេលវេលា។


លោកស្រីបន្តថា “វីរុសថ្មីនេះ បើនៅតែបន្តកើតឡើង នឹងបានធ្វើឱ្យប៉ះដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងប្រយោល ខណៈកម្ពុជាពឹងផ្អែកលើភ្ញៀវទេសចរ​ណ៍ចិន ហើយកិច្ចប្រជុំនេះដែលធ្វើនៅថ្ងៃស្អែននេះ នឹងរិះរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាដែលកើតឡើងអន្តរកាលនេះ”។

យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងសន្នីសីទកាសែតកាលពីយប់មិញនេះឱ្យដឹងថា មកដល់ពេលនេះ កម្ពុជាគ្មានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជានោះទេ បើទោះបីករណីមេរោគមេរុសថ្មីកូរ៉ូណា កើតកើតចំពោះជនជាតិចិន ដែលបានធ្វើដំណើរពីប្រទេសចិនមកាន់ខេត្តព្រះសីហនុ។

យោងតាមសារព័ត៌មានCNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះឱ្យ​ដឹង ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង៤,០០០នាក់ទៀតបានឆ្លង។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុ​ចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង៤,០០០នាក់។ បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីនៅក្នុងរដ្ឋធានី។

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឱ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀត ដូចជា   រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕



ចែករំលែក