ដោយស៊ីវ ម៉េង
ភ្នំពេញៈ ផ្សារហ៊ុនកម្ពុជាត្រៀមស្វាគមន៍ក្រុមហ៊ុនថ្មីៗចន្លោះពី៧ ទៅ៨ទៀតនៅឆ្នាំនេះ ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុនដែលបោះផ្សារលក់ភាគហ៊ុន និងសញ្ញាប័ណ្ណបានកើនឡើងល្អប្រសើរកាលពីឆ្នាំមុន។

អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទឲ្យដឹងនារសៀលថ្ងៃទទី២៨ មករានេះថា បច្ចុប្បន្នមានក្រុមហ៊ុនចន្លោះពី៧ទៅ៨ត្រៀមបោះផ្សាយលក់មូលបត្រ និងសញ្ញាប័ណ្ណឬប័ណ្ណបំណុលនៅឆ្នាំនេះ ខណៈបច្ចុប្បន្នផ្សារហ៊ុនកម្ពុជាមានក្រុមហ៊ុនចំនួន៥ បាននិងកំពុងបោះផ្សារលក់ភាគហ៊ុន និងបីទៀតបាននិងកំពុងបោះផ្សាយលក់សញ្ញាប័ណ្ណរួចហើយ។
លោកបន្តថា “តម្លៃហ៊ុនដែលបានលក់ក្នុងផ្សារហ៊ុន បានកើនឡើងជាមធ្យមចំនួន៥០ភាគរយជាង(គិតជាមធ្យម)ដែលនេះជាសញ្ញាល្អប្រសើរ ដោយសារទំហំជួញដូរបានកើនឡើង”។លោកបន្តថា “កត្តាជំរុញឲ្យតម្លៃហ៊ុនកើនឡើង ដោយសារសាធារណៈជនស្គាល់កាន់តែច្បាស់ពីផ្សារហ៊ុន និងក៏អាចដោយសារយុទ្ឋនាការផ្សព្វផ្សាយ ពីផ្សារហ៊ុនកើនឡើង ពិសេសធនាគារអេស៊ីលីដា ដែលត្រៀមចូលបោះផ្សារលក់មូលបត្រ ឬភាគហ៊ុននាពេលខាងមុខនេះ”។

លោកហុង សុហួរបានបន្តថា ជាមួយនឹងភាគវិវត្តន៍កាន់តែប្រសើរនេះ ក្រុមហ៊ុនផ្សារមូលបត្រ ក៏ដូចជាគណកម្មការមូលបត្រកម្ពុជាបាន និងកំពុងធ្វើការជាមួយក្រុមហ៊ុនមួយចំនួនទៀត ដើម្បីដំណើរការលក់ភាគហ៊ុន និងប័ណបំណុលឬសញ្ញាប័ណ្ណនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារនេះកាន់តែមានផលិតផលច្រើនជាងមុន។
លោកបន្តដោយសុទិដ្ឋិនិយមថា “នៅពេលមានក្រុមហ៊ុនចូលបោះផ្សាយលក់សញញាប័ណ្ណ និងភាគហ៊ុនកាន់តែច្រើន មានន័យថាផ្សាររបស់យើងមានផលិតផលកាន់តែច្រើន ហើយនឹងទាក់ទាញសារធាណៈជនកាន់តែច្រើនចូលមកកាន់ផ្សារនេះ”៕







