
ដោយ ប៊ី
ភ្នំពេញៈ របាយការណ៍ពីស្ថានទូតថៃ ប្រចាំនៅភ្នំពេញបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល៩ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង៧,១៤ភាគរយ បើប្រៀបធៀបនឹង៨,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។

ស្ថានទូតថៃបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយការសែតអន្តរជាតិមួយបានឲ្យដឹងថា ប្រទេសថៃ និងកម្ពុជាបានរក្សានូវទំនាក់ទំនងដ៏ល្អប្រសើរដូចដែលបានឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ច និងការប្រជុំកម្រិតខ្ពស់ជាទៀងទាត់ ដែលបានជួយលើកកម្ពស់ថែមទៀតនូវការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
របាយការណ៍បានឱ្យដឹងថា “ការជឿទុកចិត្តគ្នា ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក នៅតែជាគោលការណ៍គ្រឹះ ក្នុងការពង្រឹងការពង្រឹងចំណងមិត្តភាពទ្វេភាគីរបស់យើងឱ្យឈានដល់កម្រិតខ្ពស់”។
ប្រទេសកម្ពុជា និងថៃបានសន្យាបង្កើនពាណិជ្ជកម្មទ្វេភាគី កើនដល់១៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។
ទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួន៩ ដែលបានពង្រីកការវិនិយោគនៅកម្ពុជា នៅចន្លោះឆ្នាំ១៩៩៤ ដល់ចុងត្រីមាសទី៣ ឆ្នាំ២០១៧ ដោយមានតម្លៃវិនិយោគ៩៦៧,៨៩ លានដុល្លារនៅពេលនោះ។

កាលពីពេលថ្មីៗនេះ ប្រទេសថៃនឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ចំនួន២៨១,៦ លានដុល្លារ សម្រាប់ការសាងសង់ផ្លូវឆ្លងប្រទេសចំនួន៤ ក្រោមគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។
កម្ពុជានឹងទទួលបានថវិកាចំនួន៣៩,៧៨លានដុល្លារ ដើម្បីសាងសង់ផ្លូវប្រវែង ១៣១ គីឡូម៉ែត្រទៅកាន់ប្រទេសថៃ តាមរយៈខេត្តសៀមរាប និងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ៕





