រដ្ឋាភិបាលអូស្ត្រាលី បើកពង្រីកទីផ្សារស្វាគមន៍កម្ពុជាដើម្បីពង្រឹងទំហំពាណិជ្ជកម្មប្រទេសទាំង២

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រសម្រាប់ផែនការនៃការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-អូស្ត្រាលី ដើម្បីពង្រីកទីផ្សារពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការលើកឡើងពីផែនការយុទ្ធសាស្ត្រក្នុងការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរខាងលើននេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះ នៅវិមានសន្តិភាព។

តាមការប្រាប់ឱ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចជំនួបខាងលើនេះ លោក ប៉ាប៊ីយ៉ូ ឈីហ៊ូ កាង (Pabio Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា នៅពេលនេះ អូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ទៅលើស្ថាប័នតែម្ដង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជា។

ស្ថាប័នសំខាន់ៗ ដែលជាគោលដៅក្នុងកិច្ចបង្កើតប្រតិបត្តិការរួមគ្នាជាមួយភាគីរដ្ឋាភិបាលអូស្ត្រាលី រួមមានដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងការពារជាតិផងដែរ។ អូស្ត្រាលី បើកចំហជូនប្រជាជនកម្ពុជា ទៅធ្វើទស្សនកិច្ច ដើម្បីវិនិយោគ ក៏ដូចជាទៅបន្តការសិក្សានៅទីនោះផងដែរ។

សម្តេច តេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមាននៃការមកដល់ និងយល់ស្របចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតថ្មីរូបនេះ ។ សម្ដេច តេជោ បានបន្ដថា កម្ពុជា និងអូស្ត្រាលី មានទំនាក់ទំនងលើច្រើនវិស័យ ជាមួយនឹងស្ថាប័ន និងស្ថាប័នជាដើម ហើយក៏មានទំនាក់ទំនងជាពិសេសផងដែរ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌអាស៊ីបូព៌ា ក៏ដូចជាដៃគូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ។

ជាងនេះទៅទៀត អូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសជាច្រើន ដូចជាបានជួយដល់កម្ពុជាក្នុងការស្វែងរកសុខសន្តិភាព និងការផ្តល់ជំនួយជាថវិការជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជាជំនួយប្រមាណជាង២២៣លានដុល្លារ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here