ឆ្នាំ២០២៥រាជធានីភ្នំពេញនឹងមានមនុស្សរស់នៅ៤,៥លាននាក់

ចែករំលែក

ដោយគង់ សូរិយា

ភ្នំពេញ៖ ខណៈការធ្វើចំណាកស្រុកពីជនបទ មកកាន់រាជធានីភ្នំពេញកាន់តែផុសផុល ការសិក្សាថ្មីមួយបានរកឃើញថា ប្រជាជនរស់នៅក្រុងភ្នំពេញនឹងកើនដល់៤,៥លាន​នាក់នៅឆ្នាំ២០២៥ខាងមុខនេះ។

ការសិក្សារបស់ក្រុមហ៊ុនUrban Living Solutionបានរកឃើញថា កំនើនប្រជាសា​ស្រ្តនេះបានកើតឡើងជាធម្មតា សម្រាប់ទីក្រុងភ្នំពេញ ក៏ដូចជាទីក្រុងដទៃទៀត ដោយ​សារតែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រជាជនចំណាកស្រុក និងការស្វែងរកឳកាសរីកចម្រើននៃប្រជាពលរដ្ឋវ័យក្មេង។​

ការសិក្សានេះបានរកឃើញថា ប្រជាពលរដ្ឋរស់នៅ​ក្រុងភ្នំពេញ នឹងផ្លាស់ប្តូរទៅរស់នៅតាមខុនដូ ដោយសារកត្តាមួយចំនួនដូចជា ការកកស្ទះ​ចរាចរណ៍ កំនើនតម្លៃដីធ្លី​និងលំនៅដ្ឋាន និងប្រព័ន្ឋបច្ចេកវិទ្យារីកចម្រើន ដែលផ្តល់គុណភាពជីវិតកាន់តែប្រសើរឡើង។

ជាមួយគ្នានេះការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន​រកឃើញផងដែរថា ប្រជាពលរដ្ឋរស់នៅតាមទីក្រុង និងទីប្រជុំជននានានឹងកើនឡើងដល់​ចំនួន៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ ហើយតម្រូវការលំនៅដ្ឋាន នឹងកើនដល់ប្រមា​ណ១លានខ្នងផងដែរ នៅឆ្នាំដដែលនេះ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមា​ន​ប្រសាសន៍ទទួលស្គាល់ថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅក្នុងរាជធានីភ្នំពេញ ពិតជាបានកើនឡើងខ្លាំង ប៉ុន្តែតាមរយៈការសិក្សាកន្លងមកបានបង្ហាញថា ចំនួនប្រជាជនរស់នៅក្នុងក្រុងភ្នំពេញ មានជាង ២ ០០០នាក់ប៉ុណ្ណោះក្នុងមួយ​គីឡូម៉ែត្រការ៉េ ប៉ុន្តែការធ្វើចរាច​រណ៍ និងការកកស្ទះចរាចរណ៍មានភាពរញ៉េរញ៉ៃខ្លាំង។

លោកស្រីបន្តថា “ដើម្បីសម្រួលបញ្ហានេះ រដ្ឋាភិបាលគួរតែមានការអប់រំប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងពីការធ្វើចរាចរណ៍ រឹត​បន្តឹងការអនុវត្តច្បាប់ និងគួរតែមានការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមដងផ្លូវនានា”។ លោកស្រីបានបន្តថា “ទីក្រុងបាងកកប្រទេសថៃ ទីក្រុងហូ ជីម៉ិញ ទីក្រុងហ្សាការតាមាន​មនុស្សរស់នៅចន្លោះ៤០០០ទៅ៥០០០នាក់ក្នុងមួយគីឡូម៉ែត្រ តែសណ្តាប់ធ្នាប់ និងការធ្វើចរាចរក្នុងទីក្រុងមិនមានភាពរញ៉េរញ៉ៃនោះឡើយ”៕


ចែករំលែក