សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១៥០០លានដុល្លារ ក្នុងរយៈពេល២៧ឆ្នាំ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជាក្នុងរយៈពេល២៧ឆ្នាំកន្លងទៅនេះ មានទំហំទឹកប្រាក់សរុបប្រមាណ ១៥០០ដុល្លារ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ។

ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជាង ១.៥០០ លានដុល្លារ សមមូលនឹង ៦,១% នៃទំហំហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល , អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល។

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការឥណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ជាក់អំពីជំហរផ្តល់កិច្ចសហការ និងបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីអនុវត្តកម្មវិធីសុខភាពសាធារណៈ, ការអប់រំ, កសិកម្ម និងបរិស្ថាន សម្រាប់ឆ្នាំ២០១៥-២០២៣ ដែលជាឯកសារគតិយុត្តិនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ក្នុងការបើកផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំសារពើនិមួយៗ។

នៅក្នុងកិច្ចជំនួប លោក សៀង យ៉ាណារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចភាពជោគជ័យយ៉ាងត្រចះត្រចងក្នុងការរក្សាបានសន្តិភាពពេញលេញ, សន្តិសុខ ស្ថិរភាពនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដោយប្រុងប្រយ័ត្ន និងការកែទម្រង់អភិបាលកិច្ច ដូចជាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសាធារណៈ និងការបែងចែងផលលាភនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងរឹងមាំ សម្រាប់សុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ។

សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងអំពីភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រកបដោយសមធម៌ ចីរភាព និងបរិយាប័ន្ន ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា សហរដ្ឋអាមេរិក បាននាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។

ឯកអគ្គរដ្ឋទូត លោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះភាពជាដៃគូ និងកិច្ចសហការដ៏ល្អប្រសើររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីកន្លងមក ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធទិន្នន័យស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការរបស់កម្ពុជា ក្រោមការគ្រប់គ្រង និងសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លាភាពនៃការប្រើប្រាស់ហិរញ្ញប្បទាននិងការប្រើប្រាស់ទិន្នន័យនេះក្នុងការរៀបចំកម្មវិធីនីយកម្ម និងការសម្របសម្រួលរបស់ដៃគូអភិវឌ្ឍន៍ ។

LEAVE A REPLY

Please enter your comment!
Please enter your name here