ដោយវុត្ថា
ពោធិ៍សាត់ៈ ក្រុមហ៊ុនPRECISE ELECTRIC MANUFACTURING Co.,Ltd ជាក្រុមហ៊ុនដ៏ធំមួយរបស់ថៃគ្រោងវិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនីក្នុងទឹកដី ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ខាងមុខនេះ។

នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING Co.,Ltd លោកNathapong Korom នៅក្នុងជំនួបភាក្សាការងារជាមួយលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ឱ្យដឹងថា ខេត្តពោធិ៍សាត់នេះ ពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដ៏ទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។
លោកបន្តថា “នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងចាប់ផ្តើមតម្លើងរោងចក្រនេះជាផ្លូវការ ដូច្នេះសូមស្នើដល់រដ្ឋបាលខេត្តសម្របសម្រួលការងារ និងបញ្ហាប្រឈមមួយចំនួនជូន ដើម្បីឲ្យកិច្ចដំណើរការសាងសង់នេះ ប្រព្រឹត្តទៅដោយរលូន”។
លោកបន្តថា ក្រោយសាងសង់រួច នៅពេលដំណើរការឆ្នាំដំបូង ក្រុមហ៊ុនត្រូវការកម្លាំងពលកម្ម ប្រហែល៣៩នាក់ អន្តរជាតិ៣នាក់ ហើយនៅឆ្នាំបន្តបន្ទាប់ ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មប្រហែល៥៨នាក់ អន្តរជាតិ៤នាក់ ក្នុងនោះមានវិស្វករអគ្គិសនី ផ្នែកត្រួតពិនិត្យម៉ាស៊ីន និងកម្មករខ្លះដែរ។
លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដែលក្រុមហ៊ុនមានបំណង មកបណ្តាក់ទុននៅលើទឹកដីនៃខេត្តពោធិ៍សាត់។ លោកអភិបាលខេត្តថា គម្រោងនេះ នឹងផ្តល់ជូនការសម្របសម្រួលពិសេស ចំពោះគម្រោងវិនិយោគនេះ ហើយអ្វីដែលខេត្តបង្កលក្ខណៈឲ្យនោះ គឺខេត្តមានបំណងចង់ឲ្យក្រុមហ៊ុនសាងសង់ឲ្យបានលឿន ស្របតាមលក្ខណៈបច្ចេកទេស និងបង្កើតឲ្យមានទីផ្សារការងារជូនក្មួយៗនៅក្នុងមូលដ្ឋាន ឲ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្ថែមថា យ៉ាងមិញគ្រប់គម្រោងវិនិយោគ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អាចឈរជើងបាន គឺដោយសារកត្តាសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃនេះ។
លោកម៉ៅ ធនិន បានស្នើដល់លោកនាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនព្រីសាយស៏ សូមជ្រើសរើសគ្រូបង្គោល ដើម្បីបណ្តុះបណ្តាលជំនាញ ដល់និស្សិត នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងសូមឲ្យជ្រើសរើសពួកគេ ដែលមានសមត្ថភាពជាមុន ដើម្បីមានឱកាសចូលទៅបម្រើការងារក្នុងរោងចក្រ៕







