រដ្ឋាភិបាលអនុម័តលើគម្រោងខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុលនៅស្ថានីយអគ្គិសនីរាជធានីភ្នំពេញ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងខ្សែបញ្ជូនអគ្គិសនី ទំហំ ៥០០គីឡូវ៉ុល សម្រាប់តភ្ជាប់អនុតំបន់ដោយបញ្ជូន ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតរាជធានីភ្នំពេញ។


ក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលបានធ្វើនៅទីស្ដីការក្រសួងបរិស្ថាន ស្ដីពីការវាយតម្លៃផលប៉ះពាល់ និងសង្គមទូទៅ ក្រោមអធិតបីភាពលោក ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ជាលទ្ធផល កិច្ចប្រជុំបានសម្រេចគាំទ្រទៅលើគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ដែលជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ (ខ្សែបញ្ជូនអគ្គិសនី ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ)

គម្រោងមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល របស់អគ្គិសនីកម្ពុជា (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.


ជាមួយនឹងការគាំទ្រ និងអនុម័តខាងលើនេះ គឺតម្រូវឱ្យក្រុមហ៊ុនមានការគោរព និងអនុវត្តទៅតាមកាលកំណត់ ដូចជា ម្ចាស់គម្រោង ត្រូវបង្ហាញពីជម្រើសទាំង៣ ព្រមទាំងបញ្ចូលជម្រើសទាំង៣នេះ ទៅក្នុងរបាយការណ៍IESIA និងសិក្សាពីផលប៉ះពាល់ទៅលើកម្មសិទ្ធិដីឯកជន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយក្រុមហ៊ុនទីប្រឹក្សាឯករាជ្យផ្នែកអចលនវត្ថុ ឱ្យបានត្រឹមត្រូវ ស្របតាមតម្លៃទីផ្សារ។

បន្ថែមពីនេះ  ម្ចាស់គម្រោង ត្រូវពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលពាក់ព័ន្ធនឹងគន្លងខ្សែបញ្ជូនអគ្គិសនី ឆ្លងកាត់រោងចក្រផលិតទឹកស្អាតបាក់ខែង ដើម្បីសិក្សារកដំណោះស្រាយ រួមជាមួយនឹងការសិក្សាពីគន្លងខ្សែបញ្ជូនថ្មី ដែលប៉ះពាល់ដល់សាលាបឋមសិក្សាពុកឫស្សីក្រោម។ អ្វីដែលសំខាន់ ម្ចាស់គម្រោង ត្រូវរៀបចំយន្តការ និងនីតិវិធី ដោះស្រាយផលប៉ះពាល់ មុនពេលធ្វើការសាងសង់គម្រោងរបស់ខ្លួន៕


LEAVE A REPLY

Please enter your comment!
Please enter your name here