ក្រុមហ៊ុនជប៉ុនបន្តចូលរួមវិនិយោគលើការផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃនៅខេត្តស្វាយរៀង

0

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិ ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទLED គ្រោងចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀង ខណៈក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគនៅក្នុងខេត្តផ្សេងៗទៀត។


យោងតាមជំនួបពិភាក្សាការងាររវាង តំណាងក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃ និងលោកលោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី  ២៩ ខែមករា ឆ្នាំ ២០២០នេះ បានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងធ្វើការវិនិយោគភ្លើង បំភ្លឺផ្លូវសាធារណៈក្នុងខេត្តស្វាយរៀង នៅពេលនេះ ដែលចូលរួមចំណែកកាត់បន្ថយ ទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមចំណែកលើការកម្ពស់សោភ័ណ្ឌភាព នៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។

លោកអភិបាលខេត្តថា រដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនសិក្សា ទៅលើតាំងភូមិសាស្ត្រក្នុងក្រុងស្វាយរៀង និងក្រុងបាវិតដើម្បីផ្លាស់ប្តូរ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃនាពេលខាងមុខនេះ


ក្រុមហ៊ុនមីនីបៀនេះ កន្លងមកបានវិនិយោគទឹកប្រាក់ ប្រមាណជា៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលរួមមានការផលិតអំពូលភ្លើងឆ្លាតវៃ ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន៦,៨៩២គ្រឿង ដែលបានផលិតផល នៅលើទឹកដីកម្ពុជាតែម្តង។

គម្រោងផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ដែលមានការគាំទ្រពីរដ្ឋាភិបាលនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ម្យ៉ាងទៀត ការដំឡើងអំពូលភ្លើងដែលល្អ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាកត្តាចូលរួមមួយក្នុងការអាចឲ្យខេត្តមួយនេះ អាចក្លាយជាមជ្ឍមណ្ឌលហិរញ្ញវត្ថុដ៏ទំនើប ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចអាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here