ដោយ Donald Lee
ភ្នំពេញៈ នាគអាស៊ីនឹងហក់ឡើងនៅឆ្នាំ២០២០ ខណៈដែលពិភពលោកនឹងឃើញការផ្លាស់ប្តូរទ្រព្យសម្បត្តិជាប្រវត្តិសាស្ត្រ ចេញមកពីលោកខាងលិច ហើយឆ្ពោះមកទិស ខាងកើត។

សេដ្ឋកិច្ចរបស់តំបន់អាស៊ី នឹងមិនត្រឹមតែតំណាងឲ្យចំនួនកណ្តាល នៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានវណ្ណៈកណ្តាលពាក់កណ្តាលរបស់ពិភពលោកផងដែរ។ នេះបើយោងតាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក។
តាមមធ្យោបាយជាច្រើន នេះគឺជាការចាប់ផ្តើមនៃសតវត្សរ៍របស់អាស៊ី ខណៈប្រទេសនានា ចាប់ផ្តើមបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលនឹងរួមបញ្ចូលតំបន់ជិតខាងអាស៊ាន APEC និងកិច្ចប្រជុំកំពូលត្រីភាគីចិន ជប៉ុន និងកូរ៉េខាងត្បូង។
របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា “ការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងក្រុមផ្សេងៗទៀតនឹងជម្រុញការសម្របសម្រួលរវាងអាស៊ីលើការតភ្ជាប់ និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ នៅក្នុងពេលនេះ វាអាចជួយជំរុញវដ្តប្រកបដោយគុណធម៌ នៃការទទួលបានទៅវិញទៅមក និងការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធថែមទៀត”។
ការកើនឡើងរបស់ចិន នឹងធ្វើឱ្យក្លាយជាកម្លាំង ដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍ មិនត្រឹមតែសម្រាប់តំបន់ប៉ុណ្ណោះទេ ថែមទាំងពិភពលោកទៀតផង។
វេទិកាសេដ្ឋកិច្ចពិភពលោកបន្ថែមថា “ជាលក្ខណៈសេដ្ឋកិច្ច ប្រទេសចិននឹងនៅតែជាក្បាលម៉ាស៊ីននៃកំណើនសម្រាប់អាស៊ី និងពិភពលោក។ ការចូលរួមចំណែករបស់ខ្លួនដល់កំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងដល់ជាង២៨ភាគរយ នៅឆ្នាំ២០២៣”។
លើសពីនេះ ទីក្រុងប៉េកាំងបានអនុវត្តកម្មវិធីមួយ ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធដល់តំបន់ទាំងមូលតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវរបស់ខ្លួន។

វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា “គម្រោងដឹកជញ្ជូននៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវអាចបង្កើន ការធ្វើពាណិជ្ជកម្មរវាង១,៧% និង៦,២%សម្រាប់ពិភពលោកដោយបង្កើន ប្រាក់ចំណូលពិតពិភពលោក ០,៧% ទៅ ២,៩% និងជួយលើកកម្ពស់ប្រជាជន៧,៦លាននាក់ ចាកចេញពីភាពក្រីក្រខ្លាំងក្នុងដំណើរការនេះ”។
សមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវ របស់ចិន ដែលរួមបញ្ចូលទាំងប្រទេសកម្ពុជា បានទទួលរង្វាន់ជាមួយនឹងកំណើនដ៏រឹងមាំនៅឆ្នាំ២០១៩ ដោយមានជំនួយពីការវិនិយោគរបស់ទីក្រុងប៉េកាំង ចំពេលមានវិបត្តិសេដ្ឋកិច្ចសកល។
ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានឱ្យដឹងថា ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេស ក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានកើនឡើងជាង១០ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់១,៣៤ ពាន់លានដុល្លារកាលពីឆ្នាំមុន។
នៅក្នុងប្រទេសនីមួយៗ ក្នុងចំណោមបណ្តាប្រទេសចំនួន២៥ ដែលជាប្រទេសក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ផ្លូវ ប្រទេសចិនបានក្លាយជាប្រទេសពាណិជ្ជកម្មលេខមួយ។
នៅឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានវិនិយោគ៣,៨ពាន់លានដុល្លារអាមេរិកលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងផ្លូវល្បឿនលឿននៅកម្ពុជា។
ការវិនិយោគភាគច្រើននៅកម្ពុជា ឥឡូវត្រូវបានដឹកនាំទៅគម្រោងហេដ្ឋារចនាស ម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុតម្លៃ២,០៨ ពាន់លានដុល្លារដែលនឹងក្លាយជាច្រករបៀងដ៏សំខាន់ សម្រាប់ការនាំចេញ និងនាំចូល។ នេះគឺជាការចង្អុលបង្ហាញពីការវិនិយោគ មុនពេលគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលការវិនិយោគដើមទុនធំផ្តោតជុំវិញគម្រោងថាមពល ជាពិសេសគម្រោងទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស៕







