ដោយវុត្ថា
ភ្នំពេញៈ ប្រទេសចិនឈរនៅលំដាប់លេខ១ ដែលបានបណ្តាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ដែលមានទំហំសាច់ប្រាក់ចំនួន៧.៩ពាន់លានដុល្លារ ស្មើនឹង៣៥ភាគរយ នៃទុនវិនិយោគសរុប គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ខណៈកូរ៉េលេខ២ និងជប៉ុនលេខ៣។ នេះបើយោងរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រទេសចិន បាននឹងកំពុងវិនិយោគលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជារួមមានវិស័យសាធារណៈការ រ៉ែ ទេសចរណ៍ អចលនទ្រព្យ និងសំណង់ កសិឧស្សាហកម្ម និង ឧស្សាហកម្មជាដើម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ របស់លោក ប្រធានាធិបតីចិន ស៊ី ជិនពីនដែលបានដាក់ចេញកាលពីកន្លងមកថ្មីៗនេះ។
គេហទំព័រ propertyarea.asia ជាគេហទំព័រឈានមុខគេក្នុងការផ្តល់នូវព័ត៌មាន ជុំវិញការរីកចំរើនលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងគម្រោងវិនិយោគធំៗទាំងនៅក្នុងស្រុក និងក្រៅស្រុកមកកាន់កម្ពុជា សូមលើកយកគម្រោងវិនិយោគធំៗរបស់ចិនចំនួន៥ ដែលកំពុងដំណើរការនៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។
១) ផ្លូវក្រវ៉ាត់ក្រុងទី៣
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងផ្លូវនេះ ចំណាយថវិកាសរុបប្រមាណ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។ ការស្ថាបនា នឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។
២) ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ
គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ដំណើរការសាងសង់សម្រេចបាន៧,៣០%ហើយ បើសិនជាគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។
ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។ ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង។
៣) គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ កំពុងស្ថិតនៅក្នុងការសាងសង់។ បើតាមគម្រោង ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃជាង១៥០០លានដុល្លារនេះ នឹងត្រូវសាងសង់ឲ្យហើយនៅត្រឹមរយៈពេល៣ឆ្នាំទៀត។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង២៦០០ហិចតា ក្នុងទឹកប្រាក់ជាង១៥០០លានដុល្លារ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០% ចំណែកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) របស់លោកឧកញ៉ាពុង ឃាវសែ ដែលសហការជាមួយក្រុមហ៊ុនចិនមានភាគហ៊ុនចំនួន៩០%។

៤) គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដី នៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀត ដែលវិនិយោគដោយក្រុមហ៊ុន Yunnan Investment Holdings Ltd ។
គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ។ការសាងសង់ព្រលានយន្តហោះថ្មីនេះជាផ្នែកមួយ នៃគោលដៅចៀសវាងផលប៉ះពាល់ដល់ប្រាង្គបា្រសាទអង្គរវត្ត និងប្រាសាទបាយន្តផងដែរ និងដើម្បីពង្រីកសមត្ថភាពចុះចតរបស់យន្តហោះធំៗជាងមុន ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនមកកាន់កម្ពុជា។
៥) គម្រោងព្រលានយន្តហោះ និងតំបន់វិស្សមកាលទេសចរណ៍តារាសាគរខេត្តកោះកុង
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ តំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃរាប់ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន Union Development Group (UDG) ។ បើតាមផែនការ គម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
តាមផែនការ ក្រុមហ៊ុនបោះទុនវិនិយោគសរុបចំនួន២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។

ក្រុមហ៊ុនចម្រុះមកពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុង នៅឆ្នាំ២០០៨ ជាមួយទុនវិនិយោគជិត ៤ពាន់លានដុល្លារអាមេរិក។
មកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនចំរុះបានការការសាងសង់ សមិទ្ធផលសំខាន់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង រួមមានការសាងសង់ផ្លូវជាតិប្រវែងជាង២០០គីឡូម៉ែត្រ ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ៣៦ឡូ កសាងសណ្ឋាគារលំដាប់ផ្កាយប្រាំ កសាងបឹងកាឡូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនកំសាន្តខ្នាតអន្តរជាតិ កសាងទំនប់ទឹកសាប ដែលអាចផ្ទុកទឹកប្រមាណជាង២លានម៉ែត្រគូប រួមទាំងការកសាងនូវតំបន់លំហែកាយមួយចំនួនទៀតជាដើម៕






